ក្នុងដំណើរចេញទៅសម្ដែងលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី២២ កញ្ញា តារាចម្រៀងល្បីល្បាញលោកព្រាប សុវត្ថិ ត្រូវគេឃើញចោមរោមដោយអ្នកគាំទ្រ ដល់ថ្នាក់អ្នកកាសែតធ្វើបទសម្ភាសន៍មិនចង់កើតតែម្ដង ខណៈដែលលុះត្រាតែមានការប្រគេចលោកចេញ ពីហ្វូងអ្នកគាំទ្រទើបគេឃើញអ្នកគាំទ្រទាំងនោះបំបែកជួរ។ នេះជាដំណើរចេញសម្ដែង ដោយក្រៅពីច្រៀងរាំ លោកក៏មានគម្រោង ធ្វើបទបង្ហាញពីស្ថានភាពអចលនទ្រព្យដីធ្លីនៅកម្ពុជា ជាមួយនឹងលោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ជំនួញដីធ្លី ជាដៃគូ ដើម្បីឲ្យក្រុមពលករខ្មែរនៅក្នុងប្រទេសនោះ ធ្វើការវិនិយោគទុកជាការសន្សំទុន ដើម្បីផលចំណេញពេលត្រលប់មកស្រុកនោះផង។
វត្តមានតារាល្បីៗត្រៀមឡើងយន្តហោះនៅក្នុងថ្ងៃនោះ សុទ្ធតែមានការស្វាគមន៍យ៉ាងណែនតាន់តាប់ពីអ្នកគាំទ្រ ដែលមានវត្តមាននៅក្នុងព្រលានយន្តហោះភ្នំពេញ មុនពេលតារាទាំងនោះចេញដំណើរ ប៉ុន្តែគេនៅតែកត់សម្គាល់ថាគ្រាន់តែ វត្តមានរបស់លោក ព្រាប សុវត្ថិ មកដល់ គឺអ្នកចោមរោម មកចោមឡើងជិតតែម្ដង ដល់ថ្នាក់អ្នកសារព័ត៌មាន ដែលតាមប្រមាញ់ និងស្នើសម្ភាសន៍ ធ្វើបទសម្ភាសន៍មិនចង់កើត។ វេទិកាដែលគ្រោងផ្ដល់ឲ្យអ្នកសារព័ត៌មាននៅក្នុងយប់នោះ ប្រែក្លាយជាការចោមរោមដល់ថ្នាក់ លោកព្រាប សុវត្ថិ ខ្លួនឯង ក៏ដកដង្ហើមមិនចង់រួច ទើបធ្វើឲ្យលោកឈរផ្ដល់បទសម្ភាសន៍បានតិចបំផុត ហើយត្រូវបង្ខំចិត្តចូលទៅកាន់ខាងក្នុងវិញ ដើម្បីការពារកុំឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងបរិវេណព្រលានយន្តហោះ ដែលមានការហាមប្រាម។ លោកត្រូវធានាឲ្យចេញសម្ដែង ដោយឧកញ៉ា សំបូរទ្រព្យ លោកឡេង ណាវ៉ាត្រា ដោយក្នុងដំណើរចេញសម្ដែងរបស់លោក ក៏មានវត្តមានភរិយា កូនប្រុសទាំង៣ និងក្រុមរាំផ្ទាល់ខ្លួនសរុបជាង១០រូប ទៅកាន់ប្រទេសកូរ៉េផងដែរ។
លោក ឡេង ណាវ៉ាត្រា បញ្ជាក់ថា ហេតុផលដែលលោកចំណាយធានាយកលោក ព្រាប សុវត្ថិ និងក្រុមរាំទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ ច្រើននាក់ គឺដោយសារតែចង់ឲ្យការសម្ដែងរបស់កំពូលតារារូបនោះ នៅតែកក្រើក និងមានការគាំទ្រខ្លាំងក្លានៅក្នុងទឹកដីនោះ។ លោករំពឹងយ៉ាងខ្លាំងថា ការប្រគំតន្ត្រីទាំង២កន្លែងនៅក្នុងប្រទេសកូរ៉េ ដែលបានប្រកាសឡើងនៅទីក្រុងស៊េអូល និងទីក្រុងខ្វាងជូ នៅថ្ងៃទី២៤ និង២៥ កញ្ញា ទទួលបានការគាំទ្រលើសលប់ ដោយសារតែលោកចំណាយទុនយកតារាល្បីៗទៅច្រើន ជាពិសេសគឺវត្តមានរបស់លោក ព្រាប សុវត្ថិ និងក្រុមរាំនេះតែម្ដង។ ក្នុងនោះលោកព្រាប សុវត្ថិ ក៏ត្រៀមចែករំលែកបទពិសោធន៍ពីការទិញដូរដីធ្លីដើម្បីផលចំណេញ ជូនដល់បងប្អូនពលករខ្មែរ ក្រៅពីសម្ដែងលើឆាកតន្ត្រីផងដែរ៕
មតិយោបល់