ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកដៀលថាក្រុម ខាត់ សុឃីម ស្រែៗ ឃើញហើយភ្លឺភ្នែក!

នៅក្នុងវីដេអូបង្ហោះពីការរៀបចំពិធីមង្គលមួយ ដែលមានតាំងដោយម៉ាករថយន្ត មែកសឺដេស បេន តម្លៃជាងមួយលានកន្លះកាលពីពេលថ្មីៗ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទិដ្ឋភាពក្នុងការរៀបចំនោះគេនឹកស្មានក្រុមពិធីការរបស់ក្រុមហ៊ុនលំដាប់នៅស្រុកខ្មែរ ឬមកពីបរទេសជាអ្នករៀបចំ ស្រាប់តែមានការទម្លាយថាកម្មវិធីលំដាប់អ្នកមានដ៏អស្ចារ្យនេះ ជាការរៀបចំពិធីការដោយក្រុមខាត់ សុឃីម។

អ្នកធ្លាប់ដៀលថាក្រុមអ្នកនាងស៊ីបានតែកម្មវិធីស្រែៗ ឬកម្មវិធីតម្លៃថោកៗ បើកភ្នែកធំៗមិនតិចនោះទេ បន្ទាប់ពីបានឃើញក្រុមអ្នកនាងក៏មានក្រេឌីតនៅក្នុងកម្មវិធីធំៗបែបនេះ។

មុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានបង្ហាញពីការតូចចិត្តរួចមកហើយ ដោយសារតែម្ចាស់សម្អាងការ ឬក្រុមហ៊ុនរៀបចំពិធីការជាដៃគូ បានដើរប្រាប់ភ្ញៀវថាសម្អាងការខាត់ សុឃីម និងក្រុមពិធីការរបស់អ្នកនាងទទួលបានទីផ្សារតែអ្នកនៅស្រុកស្រែ និងអ្នករៀបចំមង្គលការកម្រិតមធ្យមៗប៉ុណ្ណោះ ដោយអ្នកនាងបានទាំងប្រតិកម្មរឿងគេថាក្រុមអ្នកនាងថាក្រុមស្រែៗ ដើម្បីបង្វែរការចង់បានរបស់អតិថិជននោះផង។ អ៉ីចឹងហើយទើបអ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកធ្វើឲ្យគេភ្លឺភ្នែកមកវិញ បន្ទាប់ពីក្នុងពិធីដ៏ធំរបស់អ្នកមានជាន់ខ្ពស់មួយរូបស្រាប់តែគេផ្ដល់ឱកាសឲ្យក្រុមអ្នកនាងខាត់ សុឃីម រៀបចំទាំងស្រុងដោយអ្នកបានឃើញពីការរៀបចំ ស្ទើរមិនជឿភ្នែកថាជាការរៀបចំរបស់អ្នកនាងនោះផង។

អ្នកនាងខាត់ សុឃីម បានអះអាងថាពិធីដែលបានបង្ហោះនៅក្នុងវីដេអូ នៅក្នុងគណនីយរបស់អ្នកនាង គឺពិតជាការរៀបចំរបស់ក្រុមអ្នកនាងពិតមែន ដោយអ្នកនាងបានអះអាងថា ម្ចាស់ពិធីបានទាំងឲ្យផ្ដល់ឱកាសឲ្យអ្នកនាង និងក្រុមការងារបានឃើញរថយន្តតម្លៃជាង១លានដុល្លារដោយផ្ទាល់ភ្នែក ព្រោះតែម្ចាស់ពិធីបានតម្រាបរថយន្តស៊េរីទំនើបៗនៅខាងមុខពិធីដើម្បីឲ្យអ្នកនាង និងក្រុមការងារផលិតវីដេអូឲ្យល្អនោះផង។

អ្នកនាងថា បណ្ដាអ្នករកស៊ីដូចអ្នកនាងរមែងដើរឃោសនាថាអ្នកជួលក្រុមអ្នកនាងគឺច្រើនតែអ្នកស្រែៗ និងមិនសូវកាលីបនោះ ទើបអ្នកនាងយល់ថាវីដេអូដែលអ្នកនាង និងក្រុមការងារបានផលិតក្រោយមានឱកាសទទួលបានការរៀបចំដ៏ធំដុំនេះ ក៏ពិតជាអស់ការលាបពណ៌ជុំវិញការមាក់ងាយចំពោះខ្លួននោះដែរ។ អ្នកនាងថាសប្បាយចិត្តជាងគេ គឺបានថតជាមួយរថយន្តតម្លៃជាង១លានដុល្លារ និងបានធ្វើការសុទ្ធតែជាមួយលំដាប់ជំទាវឯកឧត្តមថ្នាក់ខ្ពស់ និងសម្បូរទ្រព្យទាំងអស់ ដែលធ្វើឲ្យក្រុមពិធីការរបស់អ្នកនាងដែលអ្នកនាងបានដាក់ឈ្មោះថាក្រុម «Brand Name HD»នោះ ក៏រឹតតែមានមុខមាត់។

យ៉ាងណាមិញ អ្នកនាងថាការទទួលឱកាសរៀបចំនៅក្នុងពិធីកម្រិតធំៗបែបនេះ មិនមែនជាលើកទី១នោះទេ តែមកពីអ្នកនាងមិនដែលសម្ញ៉ែង និងដើរអួតអាងប៉ុណ្ណោះ។ អ្នកនាងថាមុខរបរដូចគ្នា មិនគួរលាបពណ៌ដើម្បីបង្វែរអតិថិជនឲ្យអស់ទំនុកចិត្តលើសេវាកម្មរបស់ក្រុមមួយផ្សេងទៀតនោះទេ ដោយគួរតែប្រើយុទ្ធសាស្រ្តទាក់ទាញឲ្យគេជួលពីសេវារបស់ខ្លួនដោយមិនប៉ះពាល់ទៅ ដើម្បីកុំឲ្យព្រោះតែចង់បានម៉ូយហើយដើរបង្ខូចក្រុមអ្នកនាងថាជាក្រុមជួលតែអ្នកស្រែ និងមានសេវាមិនល្អបែបនេះបែបនោះជាដើម។

អ្នកនាងថាបណ្ដាអ្នកមានមុខរបរដូចអ្នកនាងគឺតែប្រើយុទ្ធសាស្រ្តសុច្ចរិទ្ធជាជាងដើរបង្ខូចឈ្មោះគ្នា ដោយអ្នកនាងបានចាត់ទុកថាការផ្សាយមិនល្អពីក្រុមរបស់អ្នកនាងមិនត្រឹមតែបំបាត់ទីផ្សាររបស់ក្រុមអ្នកនាងអោយស្ងាត់នោះទេគឺកាន់តែបង្កើនឲ្យភ្ញៀវចង់សាក សេវាកម្មរបស់អ្នកនាងដូចជាករណីកម្មវិធីដែលអ្នកនាង និងក្រុមការងារទើបបានបង្ហោះនេះផង។
អ្នកនាងថារាល់ថ្ងៃមានអ្នកនិយាយអាក្រក់ពីមុខរបររបស់អ្នកនាងខ្លាំង ប៉ុន្តែផ្ទុយទៅវិញក្រុមរបស់អ្នកនាងអត់សូវទំនេរដេកផ្ទះនោះទេ ដោយសារតែអ្នកមានខ្លាំងក៏ជួល អ្នកមធ្យមក៏ជួល ហើយអ្នកខេត្តក៏ជួល ខណៈដែលតម្លៃនោះទៀតសោត ដល់ខ្ទង់ម៉ឺនក្នុងការរៀបចំម្ដងៗ៕

https://youtu.be/OBPZON-uz_g

មតិយោបល់