ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាចៃដន្យ Coach ព្រាប សុវត្ថិ និង ឱក សុគន្ធ កញ្ញា ចេញក្រៅប្រទេស ស្របគ្នា

មិនមានជារឿងចៃដន្យនោះទេ ប៉ុន្តែវាដូចជាការគ្រោងទុកច្រើនជាង ដែលកំពូលCoach ក្នុងកម្មវិធី The Voice Kids រដូវកាលថ្មី២រូប ចេញបេសកកម្មនៅក្រៅប្រទេសជួនគ្នា ខណៈដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ឈានដល់វគ្គត្រៀមផ្សាយផ្ទាល់។ លោក ព្រាប សុវត្ថិ ត្រូវគេអះអាងថា បានចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ ក្រោមការធានាដោយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ឯតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ត្រូវគេដឹងថាបានចេញទៅថតកម្មវិធីមួយរបស់ហង្សមាសនៅក្នុងប្រទេសជប៉ុន ដោយគម្រោងរហូតដល់ថ្ងៃទី២៧ ទើបត្រលប់មកវិញ ដែលប្រហាក់ប្រហែលនឹងការត្រឡប់មកវិញ របស់លោកព្រាប សុវត្ថិ ផងដែរ។

អ្នកតាមដានកម្មវិធី The Voice Kids Cambodia រដូវកាលទី២ជាច្រើន បានបង្ហាញការចាប់អារម្មណ៍ ដោយសារតែក្នុងកម្មវិធីមួយនេះ ស្ថិតក្នុងការសកម្មភាពដំណើរការកាន់តែសកម្មរៀងរាល់សប្ដាហ៍ ប៉ុន្តែស្រាប់តែលេចដំណឹងCoach ធំៗ២រូបចញទៅក្រៅប្រទេសដោយឡែកពីគ្នា ប៉ុន្តែស្ថិតក្នុងរយៈពេលស្របគ្នាដូចជាណាត់គ្នាចេញ។ លោកព្រាប សុវត្ថិ បានអះអាងថា លោកចេញសម្ដែងនៅក្នុងប្រទេសកូរ៉េនៅថ្ងៃទី២៤ និង២៥ កញ្ញានេះ គឺមានការទំនាក់ទំនងពីសំណាក់អ្នករៀបចំកម្មវិធី គឺលោក ឡេង ណាវ៉ាត្រា ជាយូរមកហើយ ដោយក្រៅពីការច្រៀងរាំរបស់លោកជាមួយនឹងកូនប្រុស លោកក៏នឹងមានកម្មវិធីធ្វើបទឧទ្ទេសនាមពីមុខជំនួញដីធ្លី ដែលបានបណ្ដាក់ទុនជាមួយលោកឡេង ណាវ៉ាត្រា នៅក្រុងស៊េអូល និងក្រុងក្វាងជូផងដែរ។

លោកត្រូវគេដឹងថាបានចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២២ កញ្ញា ដោយបានចាកចេញទៅជាមួយតារាល្បីៗជាច្រើនរួមមាន អ្នកនាងពេជ្រ សោភា លោក ឆាយ វិរៈយុទ្ធ កញ្ញារ៉ាប៊ី លោកពែកមី និងលោកប៉ែន ចំរ៉ុង ជាដើម ដោយគម្រោងលោកនឹងចប់ការងារនៅយប់ថ្ងៃទី២៥ កញ្ញា។ ដោយឡែកសម្រាប់តារាចម្រៀងនាង ឱក សុគន្ធកញ្ញា វិញ នាងបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ២០ កញ្ញា ទៅកាន់ប្រទេសជប៉ុន ដោយមានការអមដំណើរដោយលោក ឆន សុវណ្ណរាជ និងពិធីការិនី ចាន់ កែវនិមល ដើម្បីទៅថតកម្មវិធីបង្ហាញពីតំបន់ទេសចរណ៍នៅក្នុងប្រទេសជប៉ុន។

នាងនិងក្រុមការងារនឹងត្រលប់មកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៧ កញ្ញា ដែលការត្រលប់មកវិញនេះ គឺទន្ទឹមនឹងលោកព្រាប សុវត្ថិ ផងដែរ ដោយសល់តែ Coach សួស វីហ្សា ប៉ុណ្ណោះ ដែលមិនមានដំណឹងចេញទៅកាន់ប្រទេសណា។

ជាមួយនឹងការចាកចេញក្រៅប្រទេសព្រមគ្នា ក្នុងពេលដែលអ្នកទាំងពីរសុទ្ធតែជា Coach កម្មវិធី The Voice Kids Cambodia ក្នុងរដូវកាលទី២ដូចគ្នា បានធ្វើអោយគេរំពឹងថាតារាទាំំងពីរនឹងបន្សល់នូវស្នាដៃនៅក្រៅប្រទេសមិនចាញ់គ្នានោះទេ ដោយគ្រាន់តែម្នាក់ទទួលបានការគាំទ្រតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីដែលចាក់នៅលើហង្សមាសក្នុងពេលខាងមុខ ហើយសម្រាប់លោកព្រាប សុវត្ថិវិញ គឺបានបង្ហាញនូវភាពទាក់ទាញរបស់ខ្លួនដ៏ខ្លាំងលើឆាកតន្ត្រីរបស់ប្រទេសកូរ៉េ ដែលនឹងមានបងប្អូនខ្មែរកុះករជាក្រុមពលករអបអរសាទរ។

តារាទាំងពីរត្រូវបានប្រកាសថាមិនអាចពន្យារពេលបន្តការកម្សាន្តលើពីផែនការដែលបានកំណត់បានទេ ដោយសារតែត្រូវបំពេញភារកិច្ចបន្តការងារក្នុងកម្មវិធី លំដាប់ពិភពលោកបន្តទៀត៕

មតិយោបល់