ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន ជាងកន្លះខែសោះ រុន ណាកូ ខុសប្លែកដល់ម្លឹង

អ្នកធ្លាប់ជួបផ្ទាល់នឹងតារាសម្ដែងលោក រុន ណាកូ ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានតារាឆ្នើម ក្នុងឈុតបុរាណត្រូវទម្រង់កាលពីពេលថ្មីៗ ពិតជាមានការប្លែកចិត្ត ក្នុងពេលដែលលោកបង្ហាញខ្លួនថតរឿង «ភរិយាឥតខាន់ស្លា»ឲ្យផលិតកម្ម PR ដែលគ្រោងដាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន កាលពីកន្លះខែមុន និងរូបថតដែលទើបបង្ហោះពីការសម្ដែងក្នុងរឿងដដែលនេះ នៅលើទឹកដីសៀមរាប កាលពីថ្ងៃទី២៣ កញ្ញា ស្ទើរតែដូចនឹងមនុស្ស២នាក់ផ្សេងគ្នា។ លោកសារភាពថាខ្លួនឡើងគីឡូដល់ប្រមាណ១០គីឡូ ក្នុងរយៈពេលចុងក្រោយ ទើបធ្វើឲ្យលោកប្រែប្រួលរូបរាងដល់ម្លឹង ដោយសូម្បីតែផលិតករៗ និងតារាៗសម្ដែងដែលវ៉ាក់អើជាថ្មី នឹងលោក ក៏លាន់មាត់។

កាលពីប្រមាណកន្លះខែមុន គេឃើញលោក រុន ណាកូ មានរាងស្ដើងប៉ុណ្ណោះ បើទោះជាលោកត្រូវគេសម្គាល់ថា ជាតារាដែលមានសាច់ដុំស្រស់សង្ហារមិនអន់ជាងមនុស្សមានសាច់។ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនក្នុងរឿង«ភរិយាឥតខាន់ស្លា»ជាថ្មី គឺដូចមេឃ និងដីតែម្ដង ដោយសារតែលោកឡើងសាច់ និងឡើងគីឡូខុសមុន។ លោកបញ្ជាក់ប្រាប់ ក្រោយពីមានការកត់សម្គាល់ការពីប្រែប្រួលនេះថា គឺដោយសារតែលោកបានប្រើថ្នាំឡើងទម្ងន់ប្រមាណជាកន្លះខែចុងក្រោយ ទើបធ្វើឲ្យលោកស្ទើរតែក្លាយជាមនុស្សម្នាក់ផ្សេង ត្រឹមតែក្នុងរយៈពេលខ្លី។

លោកថាកាលពីកន្លះខែមុន លោកមានទម្ងន់ត្រឹមតែ៦១ ឬ៦២ ប៉ុណ្ណោះ ប៉ុន្តែពេលនេះ គឺឡើងដល់៧០ និង៧១គីឡូ ដែលការឡើងទម្ងន់នេះ លោកកំពុងភ័យមានការបន្តឡើង បើទោះជាលោកបានផ្អាកប្រើថ្នាំឲ្យឃ្លានបាន និងឡើងទម្ងន់។ លោកថាពេលឡើងធាត់ខ្លាំង លោកក៏មានអារម្មណ៍ចាប់ផ្ដើមចង់ខ្លាចខ្លួនឯងផងដែរ ដោយលោកកំពុងតែរកមធ្យោបាយ ដើម្បីរក្សាលំនឹងគីឡូដែលខ្លួនចង់បាន កុំឲ្យធាត់បន្ត។ យ៉ាងណាមិញ លោកថាខ្លួនមិនមែនជាតារាពិបាកសម្រកទម្ងន់នោះទេ ដោយសារតែពេលកន្លងមកលោកក៏ធ្លាប់ឡើងដល់ជាង៧០គីឡូបែបនេះដែរ ប៉ុន្តែពេលហត់ ពេលសម្រាកមិនសូវបានក៏ស្រកវិញស្រឺតៗ ទើបធ្វើឲ្យអ្នកស្គាល់លោកមានអារម្មណ៍ប្លែកចិត្ត នៅពេលលោកបណ្ដោយឲ្យឡើង១០គីឡូលើកនេះ។

លោករុន ណាកូ ថាខ្លួនមានការព្រួយបារម្ភនឹងរឿងឡើងទម្ងន់ខ្លះៗ តែមិនខ្លាំងនោះទេ ដោយសារតែលោកក៏ចង់បានគីឡូខ្លួនក្នុងរង្វង់៦៩ និង៧០ កុំឲ្យស្ដើងពេកផងដែរ។ ប៉ុន្តែលោកបារម្ភរឿងឡើងក្បាលពោះ និងប្ដូររង្វង់មុខ ហើយធ្វើឲ្យប៉ះពាល់ទីផ្សារសម្ដែងដែលបានទាក់ទងរួចរាល់ ទើបលោកយល់ថា ខ្លួនត្រូវកែខៃឡើងវិញ ដោយជំហានដំបូង គឺប្រឹងហាត់ប្រាណឲ្យច្រើនជាងមុន ក្រោយបញ្ចប់ថតរឿង «ភរិយាឥតខាន់ស្លា»។ លោកក៍អះអាងថា មិនបណ្ដោយឲ្យប្រែប្រួលរូបសម្រស់ ព្រោះតែការឡើងគីឡូ ធ្វើឲ្យប៉ះពាល់ការប្រកួតប្រជែងក្នុងកម្មវិធី Star Award 2019 របស់ទូរទស្សន៍អប្សរា ដែលមានតារាៗចូលរួមដល់ទៅ២៥រូប និងគ្រោងដំណើរការនៅដើមខែ១១ ខាងមុខនោះដែរ ក្នុងពេលដែលកម្មវិធីនោះក្រៅពីប្រជែងគ្នាបញ្ចេញសមត្ថភាពសិល្បៈ និងផ្សព្វផ្សាយតំបន់ទេសចរណ៍ ក៏ទាមទារឲ្យមានរូបសម្រស់ស្អាតៗ ប្រទាញការគាំទ្រផងដែរ៕

មតិយោបល់