ស្រ្តេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និងសរីរាង្គកាយទៅនឹងស្រ្តេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត)។

ស្រ្តេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត) មានប្រភពមកពីបរិស្ថាន ទំនាក់ទំនង ការងារ និងសង្គម។ ស្រ្តេសជាបញ្ហាមួយកើតស្ទើរតែគ្រប់បុគ្គលទាំងអស់ មិនថាស្រ្តីឬបុរស អ្នកមានឬអ្នកក្រ អ្នកជនបទឬទីក្រុង និងមិនថាតែពេលណាឬមួយណាឡើយនៃដំណើរជីវិតរស់នៅរបស់យើងគ្រប់ៗរូប។
ស្ត្រេសនាំទៅដល់ការប៉ះពាល់ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន។
១. អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះសម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។
២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។
អ្វីខ្លះជារោគសញ្ញាស្ត្រេស?
រោគសញ្ញានៃស្ត្រេសមានដូខខាងក្រោម៖
១. ការបម្រែបម្រួលរាង្គកាយៈ បេះដូងដើរញាប់ និងចង្វាក់ដង្ហើមខ្លីៗ ឈឺក្បាល វិលមុខ ត្រជាក់ចុងដៃ-ជើង រសេសរសោះ អស់កម្លាំង ល្ហិតល្ហៃ ចុកចាប់ តឹងណែនសាច់ដុំ ឈឺចុកចាប់ក្នុងក្រពះ ចង្អោរ ឬរកកលចង់ក្អួត នោមញឹក។
២. ការបម្រែបម្រួលអារម្មណ៍ៈ តឹងតែងក្នុងចិត្ត ព្រួយចិត្ត ឬធ្លាក់ទឹកចិត្ត ព្រួយបារម្ភ ឆេវឆាវ ឬខឹងច្រើន។
៣. ការបម្រែបម្រួលអាកប្បកិរិយាៈ ញ៉ាំមានការប្រែប្រួល មិនចង់ចូលរួមកិច្ចការសង្គម វិបត្តិដំណេក វិបត្តិផ្លូវភេទ ឥរិយាបទឈានទៅរកការសេពគ្រឿងញៀន សុរា។
៤. ការបម្រែបម្រួលលើគំនិតៈ ការចង់ចាំ និងការផ្ចង់គំនិតថតចុះ ពិបាកក្នុងការសម្រេចចិត្ត មានគំនិតអវិជ្ជមាន អស់សង្ឃឹម។
វិធីព្យាបាលងាយៗក្នុងការគ្រប់គ្រងស្រ្តេស
ការគ្រប់គ្រងទៅលើស្ត្រេសមានវិធីសាស្ត្រ ៤ យ៉ាង ដូចខាងក្រោម៖
១. ការកំណត់សញ្ញាស្ត្រេសឲ្យឃើញតាំងតែពីដំបូង
២. ការវិភាគឲ្យឃើញនូវប្រភព ឬមូលហេតុស្ត្រេស
៣. ការឆ្លើយតបដោយវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ឬដោះស្រាយនូវរាល់ប្រភពនៃស្រ្តេសទាំងនោះ៖
-ការចំណាយពេលវេលាលំហែរខាងក្រៅផ្ទះ ឬក្រៅពីការិយាល័យធ្វើការ
-ប្រើវិធីសាស្ត្រនៃការដកដង្ហើមនៅពេលដែលតានតឹង
-ប្រើវិធីសាស្ត្របែបសម្រាកសាច់ដុំ ជាដំណាក់កាលៗ
៤. វិធីការពារនូវស្រេសថ្មីៗផ្សេងទៀតដែលនឹងអាចកើត
*ប្រការចាំបាច់គួរតែធ្វើ៖
-ការសម្រាកកាយ ចិត្ត
-ការធ្វើលំហាត់ប្រាណដោយទៀតទាត់ និងជាប្រចាំ
-ការញ៉ាំដោយមានតុល្យភាពរវាងសាច់ បន្ថែម ផ្លែឈើ និងគ្រាប់ធញ្ញជាតិនានា
*ប្រការដែលមិនគួរធ្វើ៖
-ពិសារស្រា ការសេពគ្រឿងញៀន
-ពិសារកាហ្វេ បារី
វិធីសាស្ត្រផ្សេងទៀត៖
១. ភាពលេងសើចសប្បាយឲ្យបានជាប្រចាំក្នុងពេលកំពុងបំពេញការងារជាមួយនឹងអ្នករួមការងារ
២. ការកម្សាន្តតាមទីរមនីយដ្ឋាននានា ការធ្វើដំណើរដោយថ្មើជើង ឬធាក់កង់ទៅទីកន្លែងផ្សេងដែលមានខ្យល់អាកាសបរិសុទ្ធ ឡើងភ្នំជាដើម។ល។
៣. ការធ្វើសមាធិ
៤. ការព្យាបាលបែបបុរាណដោយធ្វើម៉ាស្យា៕
អត្ថបទដោយ៖ មន្ទីរព្យាបាលជំងឺផ្លូវចិត្តសាន់រ៉ាយ
ទូរស័ព្ទ៖ ០២៣ ៩៩៧ ២០០/០១២ ៥៤៥ ៥៦៥
មតិយោបល់