ព័ត៌មានសិល្បៈ និងកម្សាន្ត

សមគ្នាម្លឹង តែតារា២រូបនេះ ប្រកាសថាមិនអាច

នៅក្នុងពិភពសិល្បៈ គេឃើញតារាសម្ដែង២រូប គឺលោក មុំ សុធារ៉ា និងកញ្ញា រចនា រ៉ាវាឌី កាន់តែស័ក្ដសមគ្នា ដោយម្នាក់ៗបានព្រលយថាបើអ្នកទាំង២នាក់ក្លាយជាគូស្នេហ៍នឹងគ្នាដូចគ្នាសាច់រឿង គឺពិតជាក្លាយជាគូស្នេហ៍ក្នុងសិល្បៈ ដែលស្អាតក៏ស្អាត សមគ្នាក៏សមគ្នា ហើយទាក់ទាញផលិតករអោយចង់ជម្រើសយកអ្នកទាំងពីរអោយសម្ដែងរួមគ្នាមិនសូវដាច់នោះផង។ ប៉ុន្តែអ្នកទាំងពីរបែរជាប្រកាសជំហរថា មិនអាចកើតឡើង។

លោក មុំ សុធារ៉ា និយាយថា រវាងលោក និងកញ្ញា ផប់ រចនា ដែលទើបផ្លាស់ឈ្មោះថារចនា រ៉ាវាឌី ពិតជាមានអារម្មណ៍ត្រូវគ្នាក្រោយពីមានឱកាសបានសម្ដែងជាតួប្ដីប្រពន្ធ ឬជាគូស្នេហ៍នឹងគ្នាមែន ប៉ុន្តែលោកថារវាង លោក និងនាង ហាក់ស្និទ្ធស្នាលគ្នាក្នុងនាមជាតារាដែលមានការងាររួមគ្នាច្រើនជាង ដោយមិនគិតដល់រឿងផ្លូវចិត្តនោះឡើយ។ ក្នុងនោះសូម្បីតែនៅខាងក្រៅសិល្បៈ លោក និងនាង ក៏មានការងារណាត់គ្នាញាំអី ឬជជែកគ្នាលេង ក៏ដូចជាមិនមានអ្វីដែលឈានដល់រឿងស្នេហាណាមួយដូចគ្នា។
លោកថានៅក្នុងសាច់រឿង ស្ទើរមិនមានឈុតណាដែលលោកនិងនាង មិនកៀកកិតគ្នា មិនអោបរឹតគ្នា ឬមិនផ្អែមល្ហែមដាក់គ្នានោះទេ ហើយបើទោះជាមានតារាសិល្បៈចំអន់ថាបើបានក្លាយជាគូស្នេហ៍មែនដូចគ្នានៅក្នុងរឿងមិនដឹងជាល្អយ៉ាងណា? ក៏លោកបញ្ជាក់ប្រាប់យ៉ាងខ្លីថា មិនអាចទៅរួច។ នោះគឺដោយសារតែលោកក៏ចំណូលចិត្តនឹងនារីដែលស្ថិតនៅក្នុងបេះដូងមិនដូចនឹងគ្នានឹង រចនា រ៉ាវាឌី ហើយសម្រាប់តារាស្រីរូបនោះវិញ ក៏មានក្ដីស្រម៉ៃចង់បានបុរសជាគូស្នេហ៍មិនមែនដូចលោក។ យ៉ាងណាមិញ លោកសារភាពថា រវាងខ្លួន និងនាងលេងឆាប់ត្រូវគ្នា ជាពិសេសក្នុងឈុតអោបថើប ដែលតារាគូខ្លះ សម្ដែងមិនសមគ្នា។ លោកថាខ្លួនបានថតធ្វើជាស្វាមីលួចលាក់របស់នាងម្ដងហើយក្នុងរឿង«ជញ្ជីងជីវិត» ដោយក្នុងរឿង«មិត្តប្ញស្យា» ដែលទើបក្រុងពាលីនៅប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី២ តុលា គឺដើរតួជាប្ដីប្រពន្ធនឹងគ្នាតែម្ដង ព្រោះតែការសម្ដែងរឿងមុនបណ្ដាក្រុមផលិតករសរសើរថាសម្ដែងសមគ្នា ដូចគូស្នេហ៍មែនទែន។

មិនខុសគ្នាដែរ កញ្ញា រចនា រ៉ាវាឌី បញ្ជាក់ថារវាងនាង និងលោក បើក្លាយជាគូស្នេហ៍ក្នុងរឿង គឺសមឥតខ្ចោះ ប៉ុន្តែបើអោយក្លាយជាគូស្នេហ៍មែនទែន គឺមិនអាចទៅកើតនោះទេ ដោយសារតែនៅខាងក្រៅ គឺអារម្មណ៍ទាំងពីរនាក់មិនខុសពីបងប្អូន ឬមិត្តភ័ក្រ្តរួមការងារសុទ្ធសាធ។ កញ្ញាសរសើរថា លោក មុំ សុធារ៉ា ហ៊ានសម្ដែងស្និទ្ធជាមួយខ្លួនតែក្នុងភាពយន្តប៉ុណ្ណោះ ប៉ុន្តែបើនៅក្រៅឆាកវិញ គឺគោរពតម្លៃនាង ទើបធ្វើអោយនាងសប្បាយចិត្តនឹងថតជាមួយ ដោយស្ទើរគ្រប់រឿងនាពេលចុងក្រោយគឺថតតែតួស្រឡាញ់គ្នាតែម្ដង។ ជាក់ស្ដែងក្នុងរឿង«មិត្តប្ញស្យា» នាងថាគឺនាង និងលោក ជាប្ដីប្រពន្ធគ្នា ហើយនាងក៏នឹងបន្តសម្ដែងអោយស្និទ្ធជាមួយលោកអោយដូចគូស្នេហ៍មែនទែនផងដែរ តែថាខាងក្រៅមិនអាចទៅកើតឡើយ។ នៅក្នុងភាពយន្តថ្មីនេះ នាងថា ពិតជាត្រូវបណ្ដោយខ្លួនអោយលោក សុធារ៉ា អោបថើបទៀតហើយ ដោយសារតែមុនផ្ទុះរឿងចម្រូងចម្រាស់នៅក្នុងសាច់រឿងព្រោះតែលោកបែកចិត្តមានថ្មី ក៏មានឈុតឆាកផ្អែមល្អែម ដើម្បីបង្ហាញថានាងនិងស្វាមី ស្រឡាញ់គ្នា៕

មតិយោបល់