កាលពីថ្ងៃម្សិលមិញ សមាជិកគ្រួសារតារាកម្ពុជា ត្រូវគេឃើញសមក្រឡាទាំងការដើរម៉ូដ និងសម្ដែងឈុតប្រែតរហូតដល់យប់ ដើម្បីរំលេចមកម្មវិធី «ភ្ជុំមហាគ្រួសារសិល្បករខ្មែរ» ជាលើកទី២ ដែលគ្រួសារតារាកម្ពុជា និងក្រុមហ៊ុនជាដៃគូរួមមាន ស៊ីអិលអាយភីអេស មេឌា ក្រុមហ៊ុនក្លិបមេឌា និងក្រុមហ៊ុនដែលមានជំនាញផ្សាយផ្ទាល់ បានចាប់ដៃគ្នា ធ្វើកម្មវិធីរំលេចបុណ្យភ្ជុំ។ តារាចាស់ថ្មីល្បីឈ្មោះជាច្រើន នឹងរំលេចឈុតប្រពៃណីខ្មែរ សម្រាប់ឱកាសភ្ជុំ ខណៈដែលតារាចាស់ក្មេងច្រើននាក់ បានត្រៀមខ្លួនរួចហើយ ក្នុងការតែងតួជាខ្មោចព្រាយប្លែកៗ ដើម្បីបង្ហាញពីតួអង្គខ្មោចល្បី ក្នុងរឿងនិទានខ្មែរ។
កម្មវិធីដែលនឹងចាប់ផ្ដើមនៅម៉ោង៣រសៀល ថ្ងៃទី៣ តុលា បន្តិចទៀតនេះ នឹងបើកដំណើរផ្សាយផ្ទាល់លើផេកជាច្រើនចម្រុះគ្នា ដោយនឹងមានផ្ទាំងសិល្បៈជាច្រើនបង្ហាញពីប្រពៃណីភ្ជុំ ខណៈដែលអ្នកចូលរួម ក៏ត្រៀមតែងខ្លួនប្លែកៗ ដើម្បីរំលេចតួអង្គខ្មោចល្បីៗ ក្នុងរឿងនិទានខ្មែរ។ តារាល្បីរួមមាន កញ្ញា ប៊េប៊ី កញ្ញា ណាតាហ្សា កញ្ញា ស៊ូស៊ីរីកា និងតារាចាស់ថ្មីល្បីឈ្មោះជាច្រើនរូបផ្សេងទៀត សុទ្ធតែបានប្រកាសត្រៀមខ្លួន ធ្វើឲ្យកម្មវិធីមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់។ វត្តមានតារានៅក្នុងថ្ងៃនេះ រួមមាន កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន, លោកម៉ារ៉ា ប៊ុណ្ណា, អ្នកនាងចាន់ ផល្លា, កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ, អ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស, លោកនាង វ៉ាងសាន់ ពិធីករហង្សមាស, កញ្ញាភីយ៉ា, លោកត្រាយ៉ាកូ, កញ្ញា ហ៊ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្ដិ៍បាយ័ន, លោកស៊ឹម ស៊ីណាត, លោក សន សុវណ្ណារ៉ា, តារាចម្រៀងកញ្ញា មាស អាលីស, លោក សាក់ ស៊ីឌី, កញ្ញាភី សម័យ, និងតារាៗជាច្រើនរូបនេះ ក៏បានប្រកាសដូចគ្នាថា នឹងធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល ទទួលបានការចាប់អារម្មណ៍។
កម្មវិធីនាល្ងាចនេះ ត្រូវបានប្រកាសថា មិនផ្ដោតជាសំខាន់ឲ្យមានការចូលរួមកុះករនោះទេ ប៉ុន្តែសម្រាប់អ្នកត្រូវបានអញ្ជើញឲ្យចូលរួមទស្សនា សុទ្ធតែជាភ្ញៀវកិត្តិយសសំខាន់ៗ ដោយត្រូវស្លៀកពាក់ដូចគ្នា នឹងទៅលេងក្នុងឱកាសបុណ្យភ្ជុំផង ដើម្បីបំផុសពីប្រពៃណីខែភ្ជុំ។ ការសម្ដែងល្ខោនខោល ការបង្ហាញក្បាច់គុនល្បុក្កតោ ការដើរម៉ូដទៅវត្ត ការច្រៀងរាំទាក់ទងនឹងបុណ្យភ្ជុំ ការសម្ដែងលើឆាក និងការតែងតួជាខ្មោច តំណាងឲ្យពពួកប្រែត ក្នុងឱកាសបុណ្យភ្ជុំ។ តារាទាំងអស់មិនត្រឹមតែចូលរួមដើម្បីលើកកម្ពស់កម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកស្ទួយប្រពៃណីខែភ្ជុំ និងបានបន្សល់នូវស្នាដៃនៅលើបណ្ដាញយូធូប តាមរយៈការផ្សាយផ្ទាល់លើផេកជាច្រើនព្រមគ្នានោះផងដែរ៕
មតិយោបល់