(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ហើយថា តារាសម្តែង អេដវីន ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សា យ៉ាងព្រៃផ្សៃបង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ។
តែយ៉ាងណានៅពេលនេះ សុទ្ធ បញ្ចកា បានប្រកាសលើបណ្តាញសង្គមថា ទង្វើរបស់តារាសម្តែង អេដវីន ក៏ព្រោះតែស្រឡាញ់នាងពេក និងខ្លាចបាត់បង់នាង។
តាមរយៈបណ្តាញសង្គម សុទ្ធ បញ្ចកា បានបង្ហោះរូបភាពមួយសន្លឹក ជាសារដឹងកំហុសរបស់តារាសម្តែង អេដវីន ដោយភ្ជាប់ជាមួយនឹងសារថា «ខ្ញុំបានលឺពត៌មានខ្លះថាគាត់គេច? តែចង់ប្រាប់បងប្អូូនថា គាត់មិនបានគេច ហេីយមុនថ្ងៃទៅសារភាពមួយថ្ងៃ គាត់បាន ទៅលុតជង្គង់សំពះ ម្តាយឪពុកខ្ញុំយំសុំទោស ពួកគាត់ ហេីយក៏បាន chat ទៅសុំទោសពួកម៉ាកខ្ញុំជិតដិត ស្ទេីរទាំងអស់គ្នា ថាគាត់ដឹងកំហុសហេីយ ដោយសារតែស្រលាញ់ខ្ញុំខ្លាំងពេក គាត់តែងតែខ្លាចបាត់បង់ខ្ញុំ »។
នាងបន្តថា «បញ្ជាក់: ដីការកោះហៅថ្ងៃទី២៤ ទេ តែ ម្តាយខ្ញុំ បាន ជូនគាត់ទៅសារភាព មុនថ្ងៃ នៅថ្ងៃទី២០ ហេីយពេលនោះ គាត់ ក៏បានជាប់បន្តឹង អាជ្ញា ឃុំបណ្តោះអាសន្ន ចាំថ្ងៃកាត់ក្តីសិន! មូលហេតុនៃការស្រលាញ់ខ្លាំងខ្វះការពិចារណា វាមិនបានអីមកវិញទេ វាមានតែ ធ្វេីឲ្យខ្លួនឯងមានសំពាធ ខ្លាចនេះខ្លាចនោះ! សូមស្រលាញ់ដោយការពិចារណា»។
សូមរំលឹកថា បន្ទាប់ពីរឿងរ៉ាវជម្លោះរហូតឈានដល់បង្កអំពើហិង្សា និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវបានផ្ទុះ ល្បីល្បាញ ពេញហ្វេសប៊ុក ហើយ នៅទីបំផុតលោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទអំពើហិង្សាប្រព្រឹត្តដោយ សហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់