ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តបត់ត្រឡប់ទៅក្រោយ ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលរលំអស់ចំនួន៤កង់ និងរថយន្តរងការខូចខាតមួយ កំណាត់មុខស្ទើរទាំងស្រុងទៅមុខលែងរួច រីឯអ្នកបើកបរវិញ រងរបួសស្រាល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
រថយន្តបង្កម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-3516 បើកបរដោយឈ្មោះ ខឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិអភិវឌ្ឍន៍ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរត្តគីរី (របួសស្រាល)។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ក៏បានជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលរលំចេញពីជួរចំនួន៤កង់ ចំណែករថយន្តរងការខូចខាតមួយកំណាត់ស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាសវែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕
មតិយោបល់