នៅទីបំផុតព្រឹត្តិការណ៍បង្ហាញផ្ទាំងទស្សនីយភាពក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ឆ្នាំទី២ ក្រោមការរៀបចំរបស់ក្រុមហ៊ុន Clip Media ក្រុមហ៊ុនBest Solution ក្រុមហ៊ុន PL Cambodia និង«គ្រួសារតារាកម្ពុជា» បានទទួលជោគជ័យយ៉ាងខ្លាំង បើទោះជាពេលវេលាក្នុងផ្សាយផ្ទាល់ត្រូវបានពន្យារអស់មួយខ្យល់ដោយសារតែភ្លៀងធ្លាក់។
ព្រឹត្តិការណ៍ត្រូវបានគេកត់សម្គាល់ថាផ្ទុះនៅលើបណ្ដាញហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែផេកធំៗជាច្រើនដែលជាដៃគូរៀបចំ បានផ្សាយផ្ទាល់ព្រមគ្នា ដោយប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធផ្សាយទំនើប។
តារាសិល្បៈទាំងសម័យ និងបុរាណ ដែលបានចូលរួមនៅក្នុងកម្មវិធីទាំងមូល បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដោយសារតែកម្មវិធីនេះត្រូវបានរៀបចំក្នុងទម្រង់បែបវប្បធម៌ ពោលគឺបានបំផុសនូវប្រពៃណីខ្មែរ ទៅកាន់សាធារណជន។
វេទិកាក្នុងព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»នេះ មានការចម្រុះដោយល្ខោនខោល ល្បុកត្តោ បទចម្រៀងសម័យពាក់ព័ន្ធនឹងបុណ្យភ្ជុំ បទចម្រៀងបុរាណ ការដើរម៉ូដប្រពៃណី និងការដើរម៉ូដខ្មោចប្លែក ដើម្បីបង្ហាញពីពពួកប្រែត។ នេះជាកម្មវិធីដែលត្រូវបានមហាជនកោតសរសើរពីការរៀបចំយ៉ាងខ្លាំង ដោយសារតែទម្រង់បុរាណ និងប្រពៃណីទំនៀមទម្លាប់ពាក់ព័ន្ធនឹងភ្ជុំត្រូវបានរំលេចគួរអោយសរសើរ។ កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន, កញ្ញាប៊េប៊ី លោកមាស មុនីរាជ លោកម៉ារ៉ា ប៊ុណ្ណា, អ្នកនាងចាន់ ផល្លា, កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ, អ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស, លោកនាង វ៉ាងសាន់ ពិធីករហង្សមាស, កញ្ញាភីយ៉ា, លោកត្រាយ៉ាកូ, កញ្ញា ហ៊ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្ដិ៍បាយ័ន, លោកស៊ឹម ស៊ីណាត, លោក សន សុវណ្ណារ៉ា, លោក រុន ណាកូ លោក លី ណាកូ តារាចម្រៀងកញ្ញា មាស អាលីស, លោក សាក់ ស៊ីឌី, កញ្ញាភី សម័យ, និងតារាៗជាច្រើនរូបទៀត សុទ្ធតែបានធ្វើអោយព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ បើទោះជាមានកំហុសឆ្គងខ្លះ ដោយសារតែការហ្វឹកហាត់សមមានរយៈពេលតិច។
លោក ប៉ានី វិរៈរិទ្ធ អ្នករៀបចំកម្មវិធី បានចាត់ទុកថានេះជាជោគជ័យធំមួយ ដែលអាចធ្វើអោយព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»បញ្ចប់ដោយរលូន ជាពិសេសគឺប្រព័ន្ធផ្សាយផ្ទាល់។ ក្នុងនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានសម្ដែងនូវមោទនភាពដែលបានរួមចំណែកក្នុងរំលេចនូវព្រឹត្តិការណ៍នេះឡើងផងដែរ ដោយលោកបញ្ជាក់ថានេះគឺជាអ្វីដែលគ្រួសារតារាកម្ពុជាចង់បាន ដើម្បីបានរួមចំណែកលើកតម្លៃអ្នកសិល្បៈខ្មែរ៕
មតិយោបល់