នៅក្នុងពេលនេះ គេកត់សម្គាល់ថាបទចម្រៀង«ភ្ជុំបិណ្ឌទៅលេងស្រុក» របស់តារាចម្រៀង ខេម ដែលបានចេញជាយូរមកហើយ ត្រូវបានគេស្ដាប់ជាថ្មីយ៉ាងពេញនិយមតែម្ដងក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ។ បន្ថែមពីលើសន្ទុះជាថ្មីសម្រាប់បទនេះ លោកត្រូវគេឃើញបញ្ចេញបទមួយទៀតក្ដៅៗភ្លាមៗ ដែលធ្វើអោយលោកឈានឡើងមួយកម្រិត ក្រោយពីស្ងប់ស្ងាត់មានបទល្អៗប្រកួតប្រជែង។
បទចម្រៀងដែលត្រូវគេកត់សម្គាល់ថាបានអន្ទងមហាជនអោយចាប់អារម្មណ៍ជាថ្មីនោះ គឺបទ«ចាញ់ស្នេហ៍រតនៈគីរី» ដែលលោកបានច្រៀងរៀបរាប់ពីសម្រស់នារីជនជាតិនៅខេត្តរតនៈគីរី និងសម្រស់ធម្មតាលើទឺកដីភូមិភាគឥសាន្ត ដែលគ្រាន់តែស្ដាប់អត្ថន័យ ក៏ធ្វើអោយនឹកស្រម៉ៃដល់សម្រស់ទាំងនោះ។ នៅលើបណ្ដាញយូធូប គេឃើញបទមួយបទនេះរបស់លោក មានអ្នកចូលស្ដាប់ច្រើនដង តែគេមិនទាន់ដឹងថាចម្រៀងមួយបទនេះរបស់លោក នឹងអាចកញ្ជ្រោលទីផ្សារអោយក្លាយជាបទផ្ទះបានក្នុងកម្រិតតាមការចង់បានឬយ៉ាងណានោះទេ។
ប៉ុន្តែយោងតាមការទម្លាយពីផលិតកម្មថោន បទ«ចាញ់ស្នេហ៍រតនៈគីរី»របស់លោក នឹងកាន់តែមានសន្ទុះក្រោយពីចេញMV ដោយសារតែមានការទម្លាយថា ផលិតកម្មថោន គ្រោងចំណាយទុនខ្ពស់អោយម្ចាស់បទរូបនេះផលិតសាច់រឿងដែលមិនខុសពីសាច់រឿងខ្លីមួយ នៅលើទឹកដីខេត្តរតនៈគីរី។ ប្រភពនោះបន្តថា លោក Rith Omega ដែលជាអ្នកដឹកនាំសាច់រឿងដ៏ឆ្នើម គឺជាអ្នកនិពន្ធ និងដឹកនាំសម្ដែងសាច់រឿងសម្រាប់បទមួយនេះផង ទើបអ្នកណាៗក៏ប៉ាន់ស្មានថាចម្រៀងមួយបទនឹងកញ្ឆក់អារម្មណ៍អ្នកស្ដាប់បានច្រើន ក្រោយចេញMV៕
មតិយោបល់