ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យរកគ្មាន ក្បួនដង្ហែរឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក

ពិតជាកម្របានឃើញ នៅពេលក្បួនដង្ហែរឈុតបុរាណត្រូវបានលេចឡើង កាលពីព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ ក្រោមការរៀបចំរបស់ក្រុមហ៊ុនហុងដាជួបកៅប្រចាំខេត្តកំពង់ធំ និងគ្រួសារតារាកម្ពុជា នៅប្រាសាទសំបូរព្រៃគុក។ ពិធីនេះរួមមានក្បួនដង្ហែរដោយម៉ូតូ រថយន្ត និងក្បួនដង្ហែរដោយថ្មើជើងយ៉ាងកក្រើក យ៉ាងកក្រើក ចេញពីទីរួមខេត្តកំពង់ធំ ទៅទីតាំងតំបន់វប្បធម៌បុរាណប្រាសាទសំបូរព្រៃគុក ខណ:ដែលតារាសិល្ប: ដែលចូលរួម ក៏មិនខុសពីទេពបុត្រទេពធីតា មកពីឋានសួគ៌ប្រមូលផ្ដុំគ្នា។

លោក ជួប ចាន់ដារ៉ា ប្រធានហុងដាជួបកៅ ខេត្តកំពង់ធំបានគូសបញ្ជាក់ថា លោកពិតជាមោទនភាពយ៉ាងខ្លាំងដែលក្បួនដង្ហែរឈុតបុរាណក្រោមការរៀបចំរបស់ក្រុមហ៊ុនហុងដាជួបកៅ ក្រោមការចូលរួមសហការពីគ្រួសារតារាកម្ពុជា ក្លាយជាក្បួនដង្ហែរឈុតបុរាណទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរខួប២ឆ្នាំរបស់ប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក។ លោកថា ក្បួនដង្ហែរឈុតបុរាណ អមដោយសិស្សនិស្សិតមិនតិចជាងខ្ទង់ពាន់នាក់នេះ ត្រូវបានដង្ហែរចេញពីទីតាំងក្រុមហុងដាជួបកៅខេត្តកំពង់ធំ ដោយក្បួនរថយន្តឆ្ពោះទៅប្រាសាទសំបូរព្រៃគុក និងបន្តដោយថ្មើជើងជាក្បួនវែងមួយផ្សេងទៀត បន្តទៅកាន់ប្រាសាទសំបូរព្រៃគុក។ ក្បួននេះ ជាការចូលរួមសហការដោយគ្រួសារតារាកម្ពុជាទាំងស្រុង ទើបអាចធ្វើឲ្យក្បួនដង្ហែរដែលរៀបចំដោយក្រុមហ៑ុនហុងដាលើកដំបូង ដែលទើបបញ្ចប់ថ្មីៗមុននេះ ជោគជ័យមិនធ្លាប់មាន។ លោកថា ក្បួនដង្ហែរដែលរៀបចំឡើង ត្រូវបាននាំមុខដោយឆៃយាំ និងល្ខោនខោល ដើម្បីគោលបំណងអបអរគម្រប់ខួប២ឆ្នាំនៃប្រាសាទសំបូរព្រៃគុកចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើកស្ទួយល្ខោនខោលខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ។ ថែរក្សាសំលៀកបំពាក់បំពាក់ទម្រង់បុរាណខ្មែរ និងបណ្តុះគំនិតឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និង ចូលរួមលើកស្ទួយ សម្បត្តិវប្បធម៌ ទាំងអស់គ្នា។ លោករំពឹងថា ក្បួនដង្ហែរឈុតបុរាណដែលក្រុមហ៊ុនហុងដាជួបកៅបានសហការធ្វើជាមួយ គ្រួសារតារាកម្ពុជានេះ នឹងក្លាយជាក្បួនដង្ហែរទ្រង់ទ្រាយវប្បធម៌ជាប្រវត្តិសាស្ត្រ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា ជាពិសេសគឺស្គាល់ពីវប្បធម៌របស់ខ្មែរ។ លោកកោតសរសើរចំពោះការសហការយ៉ាងដុតដៃដុតជើងរបស់គ្រួសារតារាកម្ពុជា ទើបធ្វើឲ្យក្បួនដង្ហែររបស់លោកក្លាយជាក្បួនដង្ហែរទទួលបានការចាប់អារម្មណ៍ដល់ម្លឹង។ លោកកាន់តែកោតសរសើរទៅទៀត នៅពេលតារាសិល្បករទាំងនោះ បានបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងឈុតបុរាណ ដែលកាន់តែជួយឲ្យពិភពលោកស្គាល់ច្បាស់ពីខ្មែរ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកដឹកនាំសិល្បករកុះករ ឲ្យគ្រងឈុតបុរាណ គឺមានហេតុផលតែមួយគត់ គឺដោយសារតែព្រឹត្ត្តិទិវាវប្បធម៍បេតិកភណ្ឌជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុនហុងដាជាកម្មវិធីលើកស្ទួយ និងទ្រង់ទ្រង់សិល្ប:វប្បធម៌ជាតិ។ នៅក្នុងក្បួនដង្ហែរនោះលោកថា មានការចូលរួមសុទ្ធសឹងតែសិល្បករអាជីព ដោយមានទាំងរៀមច្បង និងតារាជំនាន់ថ្មី។ ក្នុងនោះក៍មានវត្តមានម្ចាស់ពានទាំង៦រូបរបស់គ្រួសារតារាកម្ពុជាកាលពីឆ្នាំ២០១៨ផងដែរ៕

មតិយោបល់