ព័ត៌មានសិល្បៈ និងកម្សាន្ត

សោភា ទេពី ច្រានចោលដំណឹងមានទ្រនំ ក្រោយផលិតកម្មមួយបញ្ចេញ MV ក្ដៅៗ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីចម្រៀងក្រោមចំណងជើងថា«អ្នកណាកែចិត្តបង?»របស់តារាចម្រៀងកញ្ញា សោភា ទេពី ដែលត្រូវគេស្គាល់ថាជាបទល្បីផ្ទុះខ្លាំង ដោយមានអ្នកស្ដាប់រហូតដល់ជិត២០លានដង នៅលើយូធូប បានបង្ហោះជាMV ដោយផលិតកម្ម Zone Production ព្រមជាមួយនឹងចុះផ្សាយថានាងបានក្លាយជាតារាចម្រៀងមួយនេះផ្លូវការ។ នាងបានច្រានចោល និងថានោះគឺជាយល់ច្រទ្បំប៉ុណ្ណោះ ដោយនាងមិនទាន់បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មណាមួយឡើយ កុំថាគឺជាតារាចម្រៀងរបស់ Zone Production។

កញ្ញា សោភា ទេពី អតីតបេក្ខនារី Cambodian Idol រដូវកាលទី៣ បានឆ្លើយតបនឹងការភ្ញាក់ផ្អើលនោះថា បទចម្រៀង«អ្នកណាកែប្រែចិត្តបង?» ដែលបានផលិតជាMV នោះ ក៏ពិតជាបទដែលនាងបានច្រៀងឲ្យផលិតកម្ម Zone Production តាំងពីពេលដែលនាងមិនទាន់ចូលប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោករបស់ហង្សមាសនោះទៅទៀត ដោយការទទួលច្រៀងនាពេលនោះ ក៏ច្រៀងក្នុងលក្ខណ្ឌមិនមានការកុងត្រា និងជាបទដែលនាង និងផលិតកម្មគ្រាន់តែបានថតក្នុងការស្ទាបស្ទង់ពីគ្នាទៅវិញទៅមកប៉ុណ្ណោះ។

បន្ទាប់មកដោយសារតែនាង បានក្លាយជាបេក្ខភាពក្នុងកម្មវិធី Cambodian Idol រវាង នាង និងផលិតកម្ម Zone Production ក៏កាត់ផ្ដាច់ពីគ្នា ហើយបទ«អ្នកណាកែប្រែចិត្តបង?»ដែលនាងបានថតក៏ក្លាយជាពេញនិយមខ្លាំងទៅៗ ក្រោយពីបទនោះត្រូវបានបង្ហោះស្របគ្នាដែលនាងកំពុងប្រកួតប្រជែង។

នាងថាការ ផលិតមួយបទនេះ ជាMV គឺជាសិទ្ធរបស់ផលិតកម្មដែលនាងធ្លាប់ច្រៀងឲ្យប៉ុណ្ណោះ ដោយមិនមានន័យថារូបនេះ បានក្លាយជាតារាចម្រៀងរបស់ផលិកម្ម Zone Production ឬ ក៏BN Production ដែលបានសហការផលិតនោះឡើយ ដោយសារតែក្នុងពេលផលិតជាMV គឺរូបនាងមិនបានដឹង។

សោភា ទេពី បញ្ជាក់ថានាងមិនទាន់បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មណាមួយនោះទេ មកទល់ពេលនេះ ដោយនាងនៅតែជាតារាចម្រៀងឯករាជ្យ និងត្រៀមផលិតបទថ្មីៗផ្ទាល់ខ្លួន បើទោះជានាងត្រូវបានបណ្ដាផលិតកម្មទាក់ទងឲ្យច្រៀងកុងត្រាកាន់តែច្រើន។

នាងថាខ្លួនមិនចង់ផ្ដាច់មុខឲ្យផលិតកម្មណាមួយទេ ប៉ុន្តែកំពុងពិចារណាចង់ក្លាយជាតារាចម្រៀងរបស់ផលិតកម្មធំមួយ ប្រសិនបើការចរចារអាចត្រូវរ៉ូវគ្នា។

យ៉ាងណាមិញ នាងបានសម្ដែងអារម្មណ៍ត្រេកអរ ដែលបទ«អ្នកណាកែប្រែចិត្តបង?» ដែលនាងបានថតយូរហើយ ត្រូវបានគេផលិតជាMV ដែលកាន់តែធ្វើឲ្យចម្រៀងមួយបទនោះផ្ទុះខ្លាំង។ នាងអះអាងថាខ្លួនមិនមានគម្រោងធ្វើជាតារាចម្រៀងរបស់ Zone Production នោះទេ បើទោះជាផលិតកម្មនេះ បានចំណាយផលិតបទចាស់របស់នាងឲ្យកម្រើកខ្លាំងនាពេលនេះ៕

មតិយោបល់