បន្ទាយមានជ័យ៖ មន្ត្រីជំនាញកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក ប ប)សាខាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះចំនួន ២,៦៥៥គីឡូក្រាម ដែលជាទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជាប្រភេទនំធុង ទឹកដោះគោ និងទឹកដោះគោជូរ ជាដើម។
លោក សាន្ត វិជ្ជាសារ៉ាវុធ ប្រធានស្នាក់ការខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទំនិញខូចគុណភាពដែលត្រូវបានកម្ទេចចោលនៅថ្ងៃនេះរួមមាន ទឹកដោះគោស្រស់ និងទឹកដោះគោជូរ និងយ៉ាអួ ចំនួន ២៧០០ដប និងប្រអប់ និងនំធុងចំនួន ៦៨ធុង ដែលសរុបទាំងអស់មានទម្ងន់ ២,៦៥៥គីឡូក្រាម។
ក្នុងការអនុវត្តច្បាប់ ទំនិញទាំងនេះ មន្ត្រីជំនាញក្រោយពីការបង្ក្រាបបានតែងតែទុកពេលវេលាដើម្បីឱ្យឈ្មួញធ្វើការបង់ពន្ធលើប្រាក់ផាកពិន័យក្នុងរយៈពេល ៣ខែ ហើយក្នុងករណីដែលឈ្មួញមិនបានបំពេញកាតព្វកិច្ចបងប្រាក់ផាកពិន័យ ពេលនោះនឹងរាយការណ៍ដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាដើម្បីធ្វើការកំទេចចោលនូវទំនិញខូចគុណភាពទាំងនោះ។
លោក សាន វិជ្ជាសារាវុធ បានបញ្ជាក់ថា ដោយអនុលោមតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងអនុវត្តទៅតាមគោលការណ៍អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដែលមានការកែប្រែពីកាំកុងត្រូល ហើយមន្ត្រីជំនាញត្រូវរ៉ាប់រងធ្ងន់ធ្ងរទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។
ទោះបីជាកម្លាំងរបស់លោកមិនអាចឈរជើងនៅតាមច្រកទ្វារអន្តរជាតិដូចមុន តែកម្លាំងជំនាញបានដាក់ពង្រាយនៅលើផ្លូវថ្នល់សំខាន់ដែលនៅតាមបន្ទាត់ព្រំដែន។ ម្យ៉ាងវិញទៀត កម្លាំងរបស់លោកជាមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ហើយត្រួតពិនិត្យ៨ដងលើបទល្មើសក្រោយពីរបូតចេញពីដៃរបស់ជំនាញគយនៅតាមមាត់ច្រកអន្តរជាតិ៕
មតិយោបល់