ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងប្រុសធាត់ជាងគេក្នុងលោក កំពុងខ្វះថវិការក្នុងការព្យាបាល

ឥណ្ឌូនេស៊ីៈ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេចាត់ទុកថា​ជាកុមារធាត់ជាងគេនៅលើពិភពលោក បន្ទាប់ពីគេរាយការណ៍ថា គេមានទម្ងន់១៩២គីឡូក្រាម។

អារីយ៉ា ពែកម៉ាណា មិនអាចរកខោអាវស្លៀកឲ្យត្រូវមាឌបានទេ ហើយក៏មិនអាចទៅរៀនបានដែរ​ដោយសារម្ងន់ខ្លួនធ្ងន់មិនអាចដើររួច។

អារីយ៉ា រស់នៅក្នុងភូមិ Cipurwasari នៃទីក្រុង Arawang Regency បានចាប់ផ្តើមឡើងទម្ងន់​យ៉ាងឆាប់រហ័ស​នៅពេលគេមានអាយុ ២ខួប ហើយឪពុករបស់គេបានសំគាល់ឃើញថា រូបគេធំជាងបងប្រុស ។

អារីយ៉ា ត្រូវបានឪពុកយកទៅព្យាបាល ពេលដឹងថាទម្ងន់ខ្លួនរបស់គេ កើនឡើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែគ្មានវេជ្ជបណ្ឌិតណាម្នាក់ អាចរកឃើញពីមូលហេតុដែលនាំឲ្យគេកើតជំងឺឃ្លាននោះបានឡើយ។

ឪពុក អារីយ៉ា លោក អាឌី បាននិយាយថា “គ្រូពេទ្យច្រើននាក់ បានប្រាប់ឲ្យពួកយើងយកកូន​ទៅមន្ទីរពេទ្យល្អៗ ប្រសិនបើយើងចង់ព្យាបាល។ ខ្ញុំបានចំណាយលុយលើសពីសមត្ថភាពក្នុងការព្យាបាល ប៉ុន្តែខ្ញុំជាកសិករក្រីក្រម្នាក់ រកស៊ីតែមួយពោះ ហើយវាគឺជាការងារមួយដ៏ធ្ងន់។ ខ្ញុំអស់កម្លាំងហើយឥឡូវនេះ ហើយមិនអាចលៃលករកមន្ទីរពេទ្យថ្លៃៗសម្រាប់ព្យាបាលកូនបានទេ”។

សូមបញ្ជាក់ថា អារីយ៉ាមានជំងឺឃ្លានហួសប្រមាណ ហើយគេត្រូវញ៉ាំអាហារ លើសមនុស្សធម្មតា៥ដង៕

មតិយោបល់