ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ចន ច័ន្ទលក្ខិណា ទទួលការសុំទោសពីទាហ៊ានដែលបានត្មិះដៀល

ភ្នំពេញៈ ខណៈដែលកំហឹងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ចំពោះបុរសម្នាក់ ជាទាហានប្រើគណនីហ្វេសប៊ុកឈ្មោះ Bong Haru ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្នុងហ្វេសប៊ុកនោះ មានការប៉ាន់ស្មានស្ទើរគ្រប់មាត់ថា ជម្លោះរវាងអ្នកទាំងពីរ នឹងឈានដល់ការប្ដឹងផ្ដល់ ជាពិសេសនៅពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា និងប្អូនប្រុស ប្រកាសវែកមុខរកការពិតរបស់ហ្វេសប៊ុកឈ្មោះ Bong Haru ហើយម្ចាស់គណនីរូបនេះ ក៏បានតតាំងដោយពាក្យសម្ដី និងបានប្រកាសថា ខ្លួនជាទាហាន និងជាអ្នកមានបុណ្យស័ក្តិធំ។

ជម្លោះរវាងអ្នកទាំងពីរ ឈានដល់កម្ដៅគួរឲ្យចាប់អារម្មណ៍ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដានេះ បន្ទាប់ពីម្ចាស់គណនីខាងលើ បានបង្ហោះពាក្យមាក់ងាយជាច្រើនចោទថា អ្នកនាង ចន ច័ន្ទលក្ខិណា ជានារីផិតក្បត់ស្វាមីក្នុងពេលរួមរស់ ហើយក៏បន្តធ្វើឲ្យជម្លោះបែកអូរហូរស្ទឹង ដោយមិនឈប់ដូចគ្នានឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វឿន ច័ន្ទវិរៈបុត្រ ដែលបានដៀលអ្នកនាងថា ស្រីក្បត់ដូចគ្នា តែក៏ឈប់តបត ព្រោះតែការទទួលកំហុស។

យ៉ាងណាក៏ដោយ ជម្លោះថ្មីមួយនេះ ត្រូវបានបញ្ចុះអង្សារគួរឲ្យភ្ញាក់ ដោយសារតែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Haru ដដែល បានប្រកាសសុំទោស និងថា អ្វីដែលបានបង្ហោះបង្កឲ្យមានជម្លោះជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា គឺជាការបង្កដោយជនទី៣។ ស្រ្តីដែលអះអាងថា ជាភរិយារបស់ម្ចាស់គណនីឈ្មោះ Bong Haru បានចេញមុខប្រកាសថា ស្វាមីរបស់ខ្លួនមិនមែនជាអ្នកប្រើពាក្យសម្ដីប្រមាថមើលងាយដល់អ្នកនាង ដូចអ្វីដែលបានឃើញនោះទេ និងថា អ្វីដែលបានកើតឡើង គឺបណ្ដាលមកពីជនទី៣ លួចយកគណនីប្ដីខ្លួនយកទៅបង្ហោះតែប៉ុណ្ណោះ។

អ្នកបង្ហោះសុំទោសអ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា ក្នុងពេលមានរឿងរហូតសឹងនឹងផ្ទុះហ្វេសប៊ុកនោះ គឺស្វាមីខ្លួនមិនបានដឹងទេ ហើយថា ស្វាមីរបស់ខ្លួនដ្បិតថា មានហ្វេសប៊ុកគណនីឈ្មោះនេះមែន ប៉ុន្តែយូរៗ ទើបបានលេងម្ដង ដោយសារតែលោកប្រើតែទូរស័ព្ទNចុចពិលជាប់លាប់ជាងគេ។

ជាមួយនឹងការសុំទោសនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ Post News ថា អ្នកនាងឈប់ប្រកាន់ហើយ។ យ៉ាងណាមិញ អ្នកនាងយល់ថា ខ្លួនជួបរឿងមិនល្អផ្ទួនៗ បន្ទាប់ពីត្រូវបុរសម្នាក់ ឈ្មោះ វឿន ច័ន្ទវិរៈបុត្រ បង្ហោះសារដៀលត្មិះ ដែលអ្នកនាងយល់ថា នោះជាពាក្យធ្ងន់ធ្ងរដែលខ្លួនមិនអាចទទួលយកបាន។

តារាសម្ដែងរូបនេះក៏ឲ្យដឹងថា ដ្បិតថា ខ្លួនលែងប្ដី ប៉ុន្តែអ្នកនាងនៅតែយល់ថា អ្វីដែលបានកើតឡើង គឺជារឿងមិនល្អដែលនាងមិនទាន់ស្រឡះចិត្ត។ ក្នុងនោះ អ្នកនាងក៏ទទូចសុំឲ្យឈប់ចោទថា អ្នកនាងជាស្រីក្បត់ ដូចដែលបានលើកឡើងរបស់ជនអគតិនោះទៀតដែរ ដោយសារតែអ្នកនាងមិនធ្លាប់បានធ្វើនូវអ្វីដែលអសីលធម៌បែបនោះ៕

មតិយោបល់