ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ៊ឹម នភា ជួយ ជៀស ស្រួច

ភ្នំពេញៈ អតីតកវីនិពន្ធផលិតកម្មសាន់ដេ លោក ហ៊ឹម នភា បានពាំនាំថវិកាជួយ ដល់អតីតកីឡាករ ជៀស ស្រួច ដែលកំពុងស្ថិតក្នុងស្ថានភាព ឯកោ គ្មានផ្ទះជ្រក ខណៈដែលកំពុងសូមផ្ទះលោក អេ ភូថង ស្នាក់អាស្រ័យនោះ ។
ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយនឹង Post News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោក ហ៊ឹម នភា ថ្លែងថា ដោយឃើញព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក បានពាំនាំថវិកា ចំនួន ១២០ ដុល្លារជូនដល់អតីតកីឡាករ ជៀស ស្រួច ដែលធ្វើឡើងនៅ ភោជនីយដ្ឋាន ស៊ីអាយឡែនស៍ របស់ តារាចម្រៀង សូលីដូ ។
ទឹកប្រាក់ខាងលើនេះ បានពីសប្បុរសជន លោក ឃិត ឈឿន អគ្គនាយក្រុមហ៊ុនសំណង់ចម្រើនសម្បត្តិ និង កវីនិពន្ធ លោក ហ៊ឹម នភា ។

លោក ហ៊ឹម នភា ថា«ធម្មតាទេដោយ ខ្ញុំមានប្រភពពីជីវិតក្មេងវត្ត រស់នៅក្នុងវត្ត ធាក់ស៊ីក្លូធាក់អី នៅពេលដែល មនុស្សណាជួបបញ្ហាក្នុងជីវិត យើងតែងតែមានបេះដូង ជាខ្មែរដូចគ្នា ហើយជីវិតដែលយើងធ្លាប់ឆ្លងកាត់ការលំបាក ដល់ឃើញលោក ជៀស ស្រួច បែបនេះ ទៀតចឹងខ្ញុំក៏រំលែកការជួយ តាមលទ្ធភាព ធ្វើបានប៉ុណ្ណា ធ្វើប៉ុណ្ណឹង»។
លោកបានបន្តថា គ្មាននរណាជួយក្រៅពីខ្មែរគ្នាឯង ដែលស្រឡាញ់គ្នា គ្មានបរទេសណាមកស្រឡាញ់ខ្មែរ ក្រៅពីឈាមជ័រខ្មែរ គ្នាឯង។

ថ្លែងក្នុងន័យអរគុណ ដល់សប្បុរសជន រួមទាំងលោក ហ៊ឹម នភា ផងដែរនោះ លោក ជៀស ស្រួច ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងច្រើនដល់ម្ចាស់ជំនួយ ដែលផ្តល់ជាកម្លាំងចិត្ត និងថវិកា ឲ្យខ្ញុំមានកម្លាំងចិត្តខំប្រឹងតស៊ូឡើងវិញ »
បញ្ជាក់ផងដែរថា លោក ហ៊ឹម នភា បច្ចុប្បន្ន ជាមន្ត្រីរាជការ នៅក្រសួងទេសចរណ៍ ដោយមានតំណែងជា អគ្គនាយករងទេសចរណ៍៕

IMG_4035IMG_4040IMG_4043IMG_4051IMG_4054IMG_4055IMG_4064IMG_4068IMG_4072IMG_4073IMG_4074

មតិយោបល់