ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្ខោនខោល លេចធ្លោតែម្ដង ក្នុងកម្មវិធី«កូនអើយម្ដាយខ្មោច»

ក្នុងពិធីបើកសម្ពោធភាពយន្តរឿង «កូនអើយម្ដាយខ្មោច» របស់ផលិតកម្មឯកភ្នំ គេចាប់អារម្មណ៍ថា មានតែសិល្បៈល្ខោនខោលប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ ជាងគេនៅក្នុងវេទិកាទាំងមូល។ កម្មវិធីទាំងមូលត្រូវគេឃើញមានប្រកាសនូវរបៀបវារៈច្រើនដំណាក់ ប៉ុន្តែមានតែក្នុងវគ្គសម្ដែងរបស់ល្ខោនខោលប៉ុណ្ណោះ ដែលមានអ្នកចូលរួមផ្ដោតការផ្ចង់អារម្មណ៍ជាងគេ ដោយសារតែឈុតឆាកដែលបានសម្ដែងនៅក្នុងថ្ងៃនោះ ក៏ជាឈុតឆាកដែលគេកម្រឃើញផង។

ឈុតល្ខោនខោលដែលបានសម្ដែងនៅក្នុងថ្ងៃនោះ គឺជាឈុតដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដោយការសម្ដែងនៅក្នុងថ្ងៃនោះ គឺតួអង្គសម្ដែងទាំង៥ សុទ្ធតែទទួលបានយកចិត្តទុកដាក់ពីអ្នកទស្សនា មិនថាតួអង្គហនុមាន តួអង្គយក្ស និងតួអង្គនាងមច្ឆា។ មិនថាផលិតករ និងតារាសម្ដែង សុទ្ធតែបានសរសើរពីសិល្បៈល្ខោនរបស់ខ្មែរ ដោយអ្នកចូលរួម បានសរសើរចំពោះផលិតកម្មឯកភ្នំ ដែលបានជ្រើសយកល្ខោនខោល មកសម្ដែងក្នុងព្រឹត្តិការណ៍សម្ពោធរឿង «កូនអើយម្ដាយខ្មោច»របស់ខ្លួន ដែលធ្វើឲ្យការសម្ពោធទាំងមូលទទួលបានការចាប់អារម្មណ៍។

វត្តមានល្ខោនខោលក្នុងពិធីសម្ពោធរឿងក៏ជាក្រើនរំលឹកដល់សាធារណៈជន ឲ្យយកចិត្តទុកដាក់លើសិល្បៈបុរាណមួយនេះ ជំនួសឲ្យការច្រៀងរាំបទសម័យថ្មីៗ ដែលគេធ្លាប់តែឃើញនោះដែរ។ កញ្ញា យ៉ែម ស្រីពេជ្រ ដែលត្រូវបានជ្រើសឲ្យធ្វើជាពិធីការិនី ក្នុងកម្មវិធីសម្ពោធរឿងនាថ្ងៃនោះ បានថ្លែងចាប់អារម្មណ៍ថា គឺជារឿងប្រសើរខ្លាំងណាស់ ដែលបណ្ដាផលិតករ និងក្រុមហ៊ុនតូចធំ ងាកមកទទួលសេវារកក្រុមល្ខោនខោលឲ្យសម្ដែង ក្នុងកម្មវិធីរបស់ខ្លួន ខណៈដែលនាងយល់ថា បើបណ្ដាកម្មវិធីសម្ពោធកាន់តែច្រើនបំផុសឲ្យឃើញនូវសិល្បៈទម្រង់បុរាណនេះ គឺសិល្បៈល្ខោនខោល មិនពិបាកបាត់ឈ្មោះដូចការព្រួយបារម្ភនោះទេ ដោយសារតែភាពជាក់ស្ដែង សិល្បៈល្ខោនខោលក៏មានផ្ទាំងទស្សនីយភាពទាក់ទាញខ្លាំង ជាងចំណាយលុយជួយតារាចម្រៀង ឲ្យច្រៀងនៅលើវេទិកាសម្ពោធរឿងដាច់ឆ្ងាយ។ ម្យ៉ាងការពង្រីកទីផ្សារឲ្យសិល្បៈល្ខោនខោល ក៏ជាការលើកទឹកចិត្តឲ្យសិល្បករសិល្បការិនីល្ខោនខោល ដែលមានការអះអាងថា ហ្វឹកហាត់រហូតដល់៣ទៅ៤ឆ្នាំ ទើបអាចឡើងសម្ដែង បានរស់រវើកដូចដែលបានបង្ហាញនោះផងដែរ។

នៅក្នុងពិធីសម្ពោធរឿងនោះ លោក ហេង តុលា ម្ចាស់ផលិតកម្មឯកភ្នំ បានបញ្ជាក់ថាភាពយន្តរឿង«កូនអើយម្ដាយខ្មោច» ដែលជារឿងមានខ្លឹមសារឆ្លុះបញ្ចាំងពីវប្បធម៌របស់សង្គមខ្មែរ កាលពីអំឡុងឆ្នាំ១៩៨០ផងដែរ ទើបក្នុងពិធីបើកសម្ពោធលោកសម្រេច ចំណាយលុយយកសិល្បៈល្ខោនខោលមកសម្ដែង ដើម្បីជាការអភិរក្សទម្រង់សិល្បៈបុរាណរបស់ខ្មែរ។ លោកបានថ្លែងបន្តថា ភាពយន្តនេះលោកចំណាយទុនអស់ច្រើន តែលោករំពឹងយ៉ាងខ្លាំងចំពោះការគាំទ្រ ដោយសារតែបណ្ដារោងកុនដែលប្រកាសដាក់បញ្ចាំងចាប់ពីថ្ងៃទី ២៥ តុលា មានអ្នកកក់សាលបញ្ចាំងអស់ជាច្រើន៕

មតិយោបល់