ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាន់ ស្រីរ័ត្ន រវល់យ៉ាងខ្លាំងឆ្នាំ ២០១២

នៅចុងឆ្នាំ ២០១១ នេះ ចាន់ ស្រីរ័ត្ន ដែលជាអ្នកសម្តែង និង បង្ហាញម៉ូដត្រូវ បានគេចាប់អារម្មណ៍ និង មើល ឃើញថាកំពុងតែមានហាងឆេង​ព្រោះនាងបាន ទទួលថត និង សម្តែងរឿងវីដេអូភាគ សម្រាប់ បញ្ចាំងលើកញ្ចក់ ទូរទស្សន៍នានាដល់ទៅបីរឿងក្នុងពេលតែមួយដោយបានធ្វើជាតួឯកទៀតផង ។

ថ្វីបើទើបចូលប្រឡូកក្នុងពិភពសិល្បៈសម្តែងបានប្រមាណប្រាំឆ្នាំ តែនាងត្រូវបានបណ្តាផលិតកម្ម មួយចំនួន មានការចាប់អារម្មណ៍ពេញចិត្តលើរូបសម្ផស្ស និង ទេពកោសល្យសម្តែងរបស់នាងជាខ្លាំង ដោយគេបានទាក់ទង អញ្ជើញនាងឱ្យចូលរួមថតសម្តែងរឿងវីដេអូឱ្យគេជាបន្តបន្ទាប់ ពិសេសនាងត្រូវបានឱ្យសម្តែង ជាតួឯកក្នុងរឿង ទៀតផង ។

ចាន់ ស្រីរ័ត្ន បាននិយាយរៀបរាប់ប្រាប់ឱ្យដឹងថា ឈានចូលដល់ចុងឆ្នាំ ២០១១ នេះ នាងមានការងារមមាញឹក ជាខ្លាំងក្នុងនោះសំខាន់គឺការថតសម្តែងរឿងវីដេអូភាគ ដល់ទៅបីរឿងសម្រាប់ដាក់បញ្ចាំងលើកញ្ចក់ ទូរទស្សន៍នា​ ពេលខាងមុខ ។ ព្រោះតែហេតុ​នេះទើបនាងត្រូវបែងចែកពេលវេលាទៅថតសម្តែងឱ្យផលិតកម្មនីមួយៗ​ មិនឱ្យខកខានហើយ​ក៏មិនចោលការសិក្សារបស់នាងនៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រងដែរ ។

បើទោះជារវល់ខ្លាំងក្នុងការសម្តែងយ៉ាងណាក៏ដោយ ក៏នាពេលដំណាច់ ឆ្នាំសកល ២០១១ ខាងមុខនេះ ចាន់ ស្រីរ័ត្ន ក៏នៅតែឆ្លៀតទៅចូលរួមក្នុងពិធី បង្ហាញម៉ូដដែលនឹងប្រព្រឹត្តទៅនាឆ្នេរសមុទ្រអូរឈើទាលទឹកដីនៃខេត្តព្រះសីហនុ ក្នុង ពិធីបុណ្យសមុទ្រដ៏ធំ និង ជាលើកទីមួយនៅកម្ពុជាដែរ ។

នៅពេលដែលកញ្ញា ចាន់ ស្រីរ័ត្ន កាន់តែមានហាងឆេងក្នុងពិភពសិល្បៈ ក៏មានអ្នកខ្លះបង្ហាញនូវក្តីងឿងឆ្ងល់ ថាតើនាងមានលក្ខណៈពិសេសអ្វីខ្លះទៅ ទើបបណ្តាផលិតកម្មមួយចំនួនចាប់អារម្មណ៍ហៅនាងឱ្យទៅថតរឿងស្របពេលដែលអ្នក​សម្តែងខ្លះមិនមានគេហៅទៅថត ?

ថ្វីបើកញ្ញា ចាន់ ស្រីរ័ត្ន ជាតួសម្តែងថ្មី ទើប ចូលប្រឡូកក្នុងការងារថត​សម្តែងបានរយៈប្រាំឆ្នាំ តែនាងក៏បាន សម្តែងជាតួរងនៅក្នុងរឿងមួយចំនួនមានដូចជារឿង “ល្បិចស្រី”, រឿង “ម្ចាស់ បេះដូង”, រឿង “រាជិនីដួងចិត្ត”, រឿង “ក្រោម មេឃបើគ្មានអូន”, រឿង “បេសកកម្មតន្ត្រី”, រឿង “គូព្រេងចម្លែក”, រឿង “បណ្តាសាថើប”…ជាដើម ។

ពេលនេះ ចាន់ ស្រីរ័ត្ន ក្រៅតែពីជាអ្នកសម្តែងដែលកំពុងទទួលបាននូវការចាប់អារម្មណ៍​ពីទស្សនិកជននាង ក៏ជាអ្នកដើរបង្ហាញម៉ូដមួយរូបនៅក្នុងក្រុម Cambodia Super Model និង ធ្លាប់ថត ចម្រៀងកាយវិការ ថតស្ប៉ត ផ្សាយពាណិជ្ជកម្មខ្លីជាច្រើនមានដូចជា​ស្ប៉តគូស្នេហ៍ អាពាហ៍ពិពាហ៍ ស្រាបៀរអាន់ឆ័រកាលពីឆ្នាំ ២០០៩, ថត ស្ប៉តម្សៅលាបមុខប៉ុបពី, ថតស្ប៉ត ស្រាបៀរ ភ្នំពេញ, ថត ស្ប៉តស្តីពីការថែរក្សាបរិស្ថាន ដែលនាងធ្វើជាគ្រូរបស់នាយក្រិន, ថតស្ប៉ត ឱ្យ ឃ្យូប, ថតឱ្យ ANZ ថតឱ្យ Hello ថតឱ្យ Beeline ថតឱ្យម៉ូតូហុងដាឆ្នាំ ២០១១…ជាដើម ៕

មតិយោបល់