ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើវត្តនៅក្រុងយេរូសាឡឹម

អេហ្ស៊ីបៈ រដ្ឋាភិបាលក្រុងការ៉ូ កាលពីថ្ងៃពុធ បានប្រកាសថ្កោលទោស ចំពោះការវាយប្រហាររបស់ក្រុមប៉ូលិសអ៊ីស្រាអែល ទៅលើក្រុមព្រះសង្ឃនៅវត្តអារាម ក្នុងទីក្រុងយេរូសាឡឹមនាពេលថ្មីៗនេះ ដែលជាព្រះវិហារ Orthodox កម្មសិទ្ធិរបស់អេហ្ស៊ីប។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

កាលពីព្រឹកថ្ងៃពុធ កងទ័ពអ៊ីស្រាអែល បានវាយប្រហារចូលក្នុងវត្ត Deir el-Sultan នៅក្រុងយេរូសាឡឹម ដែលបច្ចុប្បន្នគ្រប់គ្រង ដោយជនជាតិអេត្យូពី ដើម្បីបំបែកក្រុមព្រះសង្ឃ ដែលប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីធ្វើសំណង់នៅក្នុងវត្តនេះ។

កងកម្លាំងអ៊ីស្រាអែល ក៏បានឃុំឃាំងព្រះសង្ឃមួយអង្គ ក្នុងចំណោមព្រះសង្ឃអេហ្ស៊ីបជាច្រើន ហើយក្រោយមកក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការអន្តរាគមន៍របស់ក្រសួងការបរទេសអេហ្ស៊ីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា រដ្ឋាភិបាលអេហ្ស៊ីប បានធ្វើការថ្កោលទោស ចំពោះការវាយប្រហាររបស់ប៉ូលិសអ៊ីស្រាអែល ទៅលើភិក្ខុ និងក្រុមអ្នកថែរក្សាវត្តមួយចំនួន នៅវត្ត Deir el-Sultan ក្នុងក្រុងយេរូសាឡឹម រួមនឹងព្រះវិហារ Orthodox របស់អេហ្ស៊ីប ក៏ដូចជាការឃុំឃាំងព្រះសង្ឃផងដែរ៕

មតិយោបល់