ព័ត៌មានជាតិ

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុករថយន្តបើកឆ្លងផ្លូវ ដេកស្តូកកណ្តាលផ្លូវរបួសធ្ងន់២នាក់

ភ្នំពេញៈ បុរស២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​ដូចហោះ​ មិន​ប្រយ័ត្ន​ក៏ជ្រុលទៅ​បុករថយន្ត​ដែល​បើកឆ្លងផ្លូវមួយគ្រឿងទៀត​ចំពេញ​ទំហឹង​ កាលពីវេលាម៉ោង​១០និង៣០នាទី​យប់​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ខាងជើងសាលាខណ្ឌសែនសុខ ប្រមាណ១០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​កែងនិងផ្លូវ​១៩៧០​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​វ័យ​ជាង៤០ឆ្នាំម្នាក់​ បានបើកបររថយន្តមួយគ្រឿងម៉ាក​ CRV ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2M-5617 ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង​ តាមបណ្ដោយ​ផ្លូវ​១៩៧០​ ទិសដៅ​ពី​កើតទៅលិច​ និងក្នុងល្បឿនលឿន​។ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្តខាងលើ​ ក៏បានបើកឆ្លងផ្លូវហាណូយ​បម្រុងបត់ឆ្វេងឆ្ពោះទៅផ្សារដីហុយ​ ដោយមិនប្រយ័ត្ន​។ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀត​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1DG-8756 ដែលបើកបរដោយបុរសពីរក្នុងស្ថានភាព​ស្រវឹង​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ និងក្នុងល្បឿនយ៉ាងលឿន​ដូចហោះ​ ខ្វះការប្រុងប្រយ័ត្ន​ ត្រង់ចំណុចផ្លូវបំបែក​ ក៏ជ្រុលទៅបុករថយន្តដែលបើកឆ្លងផ្លូវខាងលើចំកង់ខាងមុខ​ចំហៀងឆ្វេងពេញទំហឹង​ បណ្តាលឲ្យ​រថយន្តខាងលើ​រងការខូចខាត​ដាច់ក្រឡេ​កង់និងកំពិត​ផ្នែកខាងមុខ​ចំហៀង​ខាងឆ្វេង​។ ចំណែកឯ​ម៉ូតូ​រងការខូចខាត​ផ្នែកខាងមុខ​យ៉ាង​ដំណំ។ រីឯបុរសដែលជាអ្នកបើកបរម៉ូតូរងរបួសបាក់ដៃឆ្វេងនិងបាក់ភ្លៅទាំងសងខាង​ហើយក៏ត្រូវបានរថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯក​ជន​ រស្មីដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ។ ដោយ​ឡែក​បុរសម្នាក់ទៀតដែលរួម​ដំណើរ​ពីក្រោយបានរងរបួស​សន្លប់​ស្ដូកស្ដឹង​ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​ជន​ហុងហាក់​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ហើយ​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់