ព័ត៌មានសិល្បៈ និងកម្សាន្ត

នូ សុភេន ប្រកាសនាំសិល្បៈខ្មែរ ទៅបង្អួតក្នុងខេត្តសុរិន្ទ ប្រទេសថៃ

យោងតាមកិច្ចសម្ភាសន៍របស់លោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា នៅក្នុងប្រទេសថៃមុននេះ លោកបានបញ្ជាក់ថាលោកនឹងដឹកនាំតារាពីប្រទេសកម្ពុជាមួយក្រុមទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍បុណ្យដំរីប្រចាំឆ្នាំ ដែលប្រទេសថៃក្នុងខេត្តសុរិន្ទធ្វើជាម្ចាស់ផ្ទះ ហើយតម្រូវឲ្យបណ្ដាប្រទេសដែលមានចង្វាក់កន្ទ្រឹមដូចជាកម្ពុជា ថៃ និងឡាវ ចូលរួមដើម្បីអបអរ និងសម្ដែងសិល្ប:ផ្លាស់ប្ដូរវប្បធម៌រវាងគ្នា។
ក្នុងចំណោមតារាខ្មែរ ដែលលោកសម្រេចចិត្តដឹកនាំទៅដើម្បីបង្អួតសិល្ប:ខ្មែរនៅក្នុងព្រឹត្តិការណ៍នោះ ក៏មានតំណាងពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។
លោក នូ សុភេន និយាយថា ពិតជាកិត្តិយខ្លាំងណាស់ ដែលលោកត្រូវបានអ្នករៀបចំព្រឹត្តិការណ៍បុណ្យដំរីប្រចាំប្រទេសថៃ ផ្គួបនឹងការប្រារព្ធពិធីកន្ទ្រឹមអាស៊ាននៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ វិច្ឆិកា បានអញ្ចើញឲ្យលោកដឹកនាំតារាខ្មែរឲ្យចូលរួមធ្វើជាតំណាងប្រទេសកម្ពុជា។
លោកថាព្រឹត្តិការណ៍ដែលមានលក្ខណ:ជាទ្រង់ទ្រាយអន្តរជាតិកម្រិតតំបន់មួយនេះ នឹងមានវេទិកាផ្សព្វផ្សាយចង្វាក់កន្ទ្រឹមជាអន្តរជាតិ ដើម្បីអភិរក្សាចង្វាក់បុរាណមួយនេះ ឲ្យនៅគង់វង្សនៅក្នុងតំបន់អាស៊ាន ក៏ដូចជាដើម្បីបង្ហាញពីភាពដូចគ្នា និងដូចគ្នានៃចង្វាក់កន្ទ្រឹមរបស់ប្រទេសទាំង៣។ យ៉ាងណាមិញ លោកថាព្រឹត្តិការណ៍ទាំងមូលផ្ដោតលើពិធីបុណ្យដំរីច្រើនជាង ដោយក្នុងពិធីនោះ ក៏មានការដង្ហែរក្បួនដំរី និងមានការចូលរួមដង្ហែពីសិល្បករតំណាងប្រទេសនីមួយៗដែលចូលរួមផងដែរ។ លោកត្រូវបានគណកម្មការថៃអញ្ជើញឲ្យផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ថៃ ដែលធ្វើឲ្យគេបានឃើញសំឡេងខ្មែរ និងការបំផុសពីវប្បធម៍ខ្មែរ តាំងពីមុនព្រឹត្តិការណ៍ចាប់ផ្ដើម។

លោក នូ សុភេន ថ្លែងថាលោកបានជម្រើសយកតារាខ្មែរច្រើននាក់ឲ្យចូលរួមបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរនៅក្នុងថ្ងៃនោះ ដោយក្នុងនោះរួមមានលោក ម៉េង ប៊ុនឡូ កញ្ញា វណ្ណា វត្តី និងកញ្ញា រំដួលលិចទឹក ដែលតំណាងឲ្យ«គ្រួសារតារាកម្ពុជា»ទាំងមូល ដោយតារាទាំងអស់ នឹងធ្វើសកម្មភាពផ្សព្វផ្សាយវប្បធម៌កម្ពុជា នៅក្នុងព្រឹត្តិការណ៍នោះ។ លោកនេះជាព្រឹត្តិការណ៍ធំប្រចាំនៅក្នុងប្រទេសថៃ ហើយក្រៅពីប្រទេសដែលមានចង្វាក់កន្ទ្រឹមទាំង៣ប្រទេសចូលរួម ក៏មានតំណាងប្រទេសច្រើនទៀតផងដែរ ចូលរួម៕

មតិយោបល់