កំពង់ចាមៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារនៅផ្សារជីហែ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្រោយពីបានត្រួតពិនិត្យរួចមកយើងបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៥មុខមានដូចខាងក្រោម៖ ទឹកចាហួយចំនួន៨កំប៉ុង, ទឹកក្រូចម៉ាក FANTA ចំនួន២ដប, ទឹកក្រូចម៉ាក ZABEl ចំនួន១០កេស, ទឹកក្រូចម៉ាក cham cham ចំនួន៦កេស និងទឹកផ្លែឈើម៉ាកKelly ៣៦ ដប។
ភេសជ្ជ:ផុតកំណត់រយៈពេលប្រើប្រាស់ខាងលើ ត្រូវបានមន្រ្តីកាំកុងត្រូលខេត្ត ដកហូតយកទៅរក្សាទុកដើម្បីកម្ទេចចោល។ ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលបានណែនាំឱ្យម្ចាស់ទំនិញ ជាប្រចាំត្រូវពិនិត្យ និងរៀបចំ ដាក់តាំងលក់ផលិតផលរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ជៀសវាងការដាក់តាំងលក់ផលិតផលផុតកំណត់រយ:ពេលប្រើប្រាស់ ឬដាក់លក់ក្រោមកំដៅថ្ងៃ ដែលធ្វើឱ្យផលិតផលទាំងនោះខូចគុណភាព ប៉ះពាល់ដល់សុខភាពអ្នកប្រើ៕



មតិយោបល់