ក្នុងបរិបទនេះ មនុស្សតិចណាស់ ដែលចាប់អោយកូនសិក្សាជំនាញសិល្បៈបុរាណ ជាពិសេសអ្នកមានលទ្ធភាពធូរធារ។ ប៉ុន្តែសម្រាប់ លោក នូ សុភេន អ្នកច្នៃសំលៀកបំពាក់បុរាណ និងជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា បែរជាជំរុញអោយចូលប្រឡូកផ្នែកសិល្បៈបុរាណតាំងពីក្មេងតែម្ដង។
លោកបានបង្ហោះនៅលើហ្វេសប៊ុកថា«ថ្ងៃដំបូងរបស់កូនស្រី ក្នុងការសិក្សាផ្នែករបាំបុរាណរបស់ជាតិយើង ប៉ាម៉ាក់ជឿរថាកូនអាចធ្វើបានគ្រប់យ៉ាង ប៉ាម៉ាក់តែងទន្ទឹងរង់ចាំកូនចម្រើនវ័យគ្រប់ដើម្បីបានចូលរៀនជំនាញនេះ ជូនពរកូនស្រី បានសម្រចក្តីស្រលាញ់របស់កូន ដែលជាក្តីស្រមៃដ៏ធំបំផុតរបស់ប៉ា។ សំផល កន្និដ្ឋារ័ត្ន ជាបេះដូងរបស់ប៉ាម៉ាក់»។ លោកប្រាប់ហេតុផលថា ការសម្រេចចិត្តអោយកូនស្រីចូលសិក្សាលើមុខជំនាញនេះ គឺដើម្បីរួមចំណែកលើកស្ទួយសិល្បៈបុរាណ ហើយលោកកាន់តែមានអារម្មណ៍សង្វេគដែលមុខវិជ្ជាសិល្បៈបុរាណ នៅក្នុងសាលាវិចិត្រសិល្បៈ ស្ទើរតែគ្មានសិស្សចាប់អារម្មណ៍ ដោយកូនៗអ្នកមានគឺរឹតតែមើលរំលង។
លោកថាខ្លួនមិនខ្វះលទ្ធភាពអោយកូនសិក្សាលើមុខវិជ្ជាល្អៗនោះទេ ប៉ុន្តែបណ្ដាលមកពីស្រឡាញ់តាំងពីកូនស្រីមិនទាន់គ្រប់អាយុចូលរៀនរបាំបុរាណ និងដោយសារតែចង់ញញាក់អារម្មណ៍ថា មុខវិជ្ជានេះគឺសំខាន់សម្រាប់ជាតិសាសន៍មួយដែលមានវប្បធម៌ផូរផង់ ទើបលោកសម្រេចចិត្តអោយចូលសិក្សា។
ជាមួយនឹងការសម្រេចចិត្តរបស់លោក ធ្វើអោយម្នាក់ៗមានការកោតសរសើរមិនតិចទេ ដោយសារតែលោកត្រូវគេដឹងថាមានលទ្ធភាពគ្រប់អោយកូនសិក្សាលើមុខវិជ្ជាដែលមនុស្សភាគច្រើននិយមហៅថាមុខវិជ្ជាកើបលុយ និងកើបឱកាស ប៉ុន្តែលោកបែរជាបណ្ដុះគំនិត និងជំរុញអោយកូនស្រីរបស់ខ្លួនសិក្សារបាំបុរាណទាំងដឹងថាអ្នកជំនាញនេះច្រើននាក់ មិនត្រូវបានទទួលការលើកស្ទួយ ឬហៅយ៉ាងខ្លីថា ក្រោយពីចេះស្ទាត់គឺគ្មានទីផ្សារទូលំទូលាយ៕
មតិយោបល់