ទើបតែលេចមុខមាត់ក្នុងពិភពសិល្បៈតែមួយរយៈពេលខ្លី តារាសម្ដែង និងជាតារាម៉ូដែល លោក អ៑ុក ចំប៉ារ័ត្ន ហៅ Da Make ត្រូវគេកត់សម្គាល់ថា ឈានឡើងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ដោយបានតំណែងតួឯក ក្នុងភាពយន្តនៅប៉ុស្តិ៍លេខ៥ គួរអោយកត់សម្គាល់នោះផង។ អ្វីដែលកាន់តែសរសើរទៅទៀត គឺលោកត្រូវបានផលិតករជ្រើសអោយសម្ដែងបទថ្វាយករុណា ដែលជាទឹកដមសំទ្បេងរបស់តារាចម្រៀង កញ្ញា ទៀង មុំសុធាវី ក្ដៅៗនោះផង។
លោក អ៑ុក ចំប៉ារ័ត្ន និយាយថា ក្នុងចំណោមការសម្ដែងទាំងអស់ដែលលោកបានប្រឡូក លោកហាក់មានអារន្មណ៍ ចំពោះការសម្ដែង ជាមួយតារាចម្រៀង កញ្ញា ទៀង មុំសុធាវី ជាងការសម្ដែងកន្លងមក ដោយសារតែការសម្ដែង របស់លោកជាមួយនាង គឺជាកាសម្ដែងក្នុងបទចម្រៀងថ្វាយដល់ព្រះករុណា ដែលលោកបានចាត់ទុកថា នោះជាស្នាដៃមួយ ដែលលោកមិនធ្លាប់ថត។ លោកបដិសេធបង្ហើបអោយដឹងពីចំណងជើងបទចម្រៀង ដោយគ្រាន់តែអះអាងថា នេះជាបទរបស់ព្រះករុណា និងជាការសម្ដែងដ៏ផ្លួវការមួយ បើធៀបនឹងការសម្ដែងផ្សេងៗ។ ក្នុងនោះសម្រាប់ការសម្ដែងទាំងស្រុង ក៏ត្រូវប្រិតព្រៀងពីក្រុមផលិតករ ដែលធ្វើអោយលោកប្រយ័ត្នប្រយែង ចំពោះការសម្ដែងរបស់ខ្លួននោះផងដែរ។ អ្វីដែលកាន់តែសប្បាយចិត្តទៅទៀត គឺលោកបានសម្ដែងជាមួយកញ្ញា ទៀង មុំសុធាវី ដែលជាតារាចម្រៀងសំនៀងផ្អែម និងស្រទន់ម្នាក់ ដែលលោក គឺជាហ្វេនជាយូរមកហើយ។
លោក អ៑ុក ចំប៉ារ័ត្ន បានអះអាងថា ការងារសម្ដែង នៅក្នុងរយៈពេលចុងក្រោយ បានជួយអោយលោក កាន់តែមានកេរ្តិ៍ឈ្មោះ បោះសំទ្បេងជាងមុន ដោយតាំងពីលោក ឈានឡើងតួឯកមក គឺមិនមានផលិតករណាម្នាក់ អោយលោកសម្ដែង ជាតួរាយរងទៀតទេ។ លោកថា មិនមែនរើសអើង មិនថតជាតួកំប៉ុកកំប៉ុកនោះទេ តែបើមានផលិតករទាក់ទង ក៏លោក អាចនឹងមិនថតនោះដែរ បើការសម្ដែងនោះ ចេញមុខត្រឹមមួយប្លង់ឬ ២ប្លង់ ហើយបានត្រឹមតម្លៃខ្លួនដូចការថតកន្លងមក។
ម្យ៉ាងមកពីលោកកាក់កប និងមមាញឹកនឹងជំនួញលក់ឡាននោះផង ទើបលោកប្រកាសថា បើការសម្ដែងដែលទាក់ទងមក មិនអោយតម្លៃដល់ខ្លួន គឺសុខចិត្តទំនេរគួកជេរឡានល្អជាង។ លោកចំប៉ារ័ត្ន បន្ថែមថា នៅក្នុងភាពយន្តលោក បានសម្ដែងច្រើនរឿងមកហើយ ដូចជារឿង”ឈាមស្នេហ៍ក្បត់បេះដូង” រឿង “ឋានសួគ៍វណ្ណៈ” រឿង”គំនុំស្នេហ៍ភ្លើងអាឃាត” រឿង”លោហិតរនាំងស្នេហ៍” រឿង”ភរិយាឈ្លើយស្នេហ៍” រឿង”បន្តោងខ្សែកពេជ្រ” និងរឿង”ស្នេហ៍បញ្ច្រាសទិស”ជាដើម ដោយការងារបង្ហាញម៉ូដ ក៏មានទីផ្សារមិនអន់ដែរ៕
មតិយោបល់