ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយប្រវត្តិមួយចំនួន របស់បវរកញ្ញាចក្រវាលថៃថ្មី ទើបគ្រងតំណែង តាមពិតជាកូនថៃកាត់អូស្ត្រាលី

(ភ្នំពេញ)៖ នៅទីបំផុតកម្មវិធីបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២១ គឺរកឃើញម្ចាស់កមុដហើយ ដោយបានទៅលើ កញ្ញា Anchilee Scott-Kemmis ដែលមានអាយុ ២២ ឆ្នាំ ដែលត្រូវបានគេដឹងថា ជាកូនកាត់ថៃ-អូស្ត្រាលី។ ខាងក្រោមនេះជាប្រវត្តិមួយចំនួនរបស់បវរកញ្ញាថ្មីថ្មោងរូបនេះ។

រាត្រីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃប្រកាសជ័យលាភី និងជាថ្ងៃគ្រងមកុដរបស់បវរកញ្ញាថ្មី បន្ទាប់ពីឆ្លងកាត់ការប្រឡងជាច្រើនវគ្គ ខណៈម្ចាស់ជ័យលាភី គឺបេក្ខនារីដែលមកពីខេត្ត Cha Choeng Sao កញ្ញា Anchilee Scott-Kemmis ដែលមានអាយុ ២២ ឆ្នាំ ជាកូនកាត់ថៃ-អូស្ត្រាលី កម្ពស់ ១៨៣ ស.ម។ នាងត្រូវបានគេដឹងថា ជានារីក្លាហានមួយរូបដែលហ៊ានបង្ហាញពីអ្វីដែលខ្លួនមាននៅលើឆាកប្រកួតសម្រស់ដ៏ធំមួយនេះ បើទោះបីជាខ្លួនធ្លាប់ទទួលបានការរិះគន់រឿងរូបរាង ដែលខុសពីស្តង់ដារថៃ Beauty Queen។

នាង Anchilee Scott-Kemmis មានឈ្មោះហៅក្រៅថា Ann ជាកូនកាត់ថៃ-អូស្ត្រាលី ដោយម្តាយជាថៃ ឪពុកជាជនជាតិអូស្ត្រាលី នាងធំដឹងក្តីនៅទីក្រុងបាងកកប្រទេសថៃ។ នាងមានដើមកំណើតនៅខេត្ត Cha Cheong Sao ប្រទេសថៃ ដោយជាសិស្សនៃសាលា NIST Internation school អំឡុងឆ្នាំ ២០០៤ ដល់ ២០១៧ និង ជាប្រធានក្រុមបាល់ទះប្រចាំសាលា។

ក្រោយបញ្ចប់វិទ្យាល័យ Ann បានបន្តការសិក្សានៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសង្គមវិទ្យា (Sociology) នៅក្នុងឆ្នាំ ២០២០។ នាងធ្លាប់ជាបុគ្គលិកផ្នែករដ្ឋបាលនៅស្ថាប័នមួយចំនួនដូចជា LHH Thailand, Balmain Realty និង Potentia។ ពេលដែលកូវីដវាយលុក នាងបានចាកចេញពីអូស្ត្រាលីមកថៃវិញ ក្នុងឆ្នាំ ២០២០។ Ann នឹងតំណាងថៃទៅប្រកួតលើឆាកអន្តរជាតិកញ្ញាឯកចក្រវាលឆ្នាំ ២០២១ នៅ Eilat ប្រទេស Israel នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕

មតិយោបល់