កាលពីវេលាថ្ងៃត្រង់ទី២ធ្នូ ឆ្នាំ២០១៨ តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ដែលត្រូវគេស្គាល់ថា ជាតារាល្បីល្បាញក្នុងជំនាន់អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេស ដោយមានក្រុមអ្នកសារព័ត៍មាន និងតារាសិល្បៈរបស់ផលិតកម្មមហាហង្សមកទទួលយ៉ាងច្រើនកុះករ។ នេះជាវត្តមានបង្ហាញខ្លួនលើកដំបូងរបស់លោក ដែលមានអ្នកកាសែត និងតារាៗមកទទួល ចាប់តាំងពីលោកចេញទៅរស់នៅ នៅអាមេរិក។
លោក យស បូវណ្ណៈ បញ្ជាក់ថា ហេតុផលដែលលោកចុះមកកាន់កម្ពុជាលើកនេះ គឺដោយសារតែលោក អិុន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានទាក់ទងឲ្យលោកថតរឿង”លោកឳពុក” ស្របគ្នាដែលលោក ក៏ចង់បង្ហាញស្នាដៃមួយរឿងដូចគ្នានឹងអ្នកនាង អម្ពរ ទេវី ទើបលោកសម្រេចចិត្ត ដាក់ច្បាប់៣សប្ដាហ៍ ដើម្បីចុះមកថតរឿងនេះ។ លោកថាខ្លួននឹងមានគម្រោងថតរឿងបន្តបន្ទាប់ទៀត ប៉ុន្តែសម្រាប់ឱកាសចុះមកលើកនេះ គឺថតឲ្យតែផលិតកម្មមហាហង្សមួយគត់ ដោយសារតែលោកអាចនៅកម្ពុជាបានតែ៣សប្ដាហ៍ប៉ុណ្ណោះ ។ ក្នុងនោះ សូម្បីតែគម្រោងដើរលេង ក៏ប្រហែលមិនមានដែរ ដោយតាមកាលវិភាគ គឺលោកត្រូវថតក្នុងរឿងលោក “លោកឳពុក” រហូតដល់ជិត២០ថ្ងៃទៅហើយ។
ក្នុងពិធីទទួលលោក យស បូវណ្ណៈ ចុះពីអាមេរិកនោះ គេឃើញវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករ របស់មហាហង្សបង្ហាញខ្លួន ដោយខាងផលិតកម្ម ក៏បានរៀបចំកម្មវិធីទ្រង់ទ្រាយធំនៅភោជនីយដ្ឋានវ័នម័រ នៅម្ដុំទួលគោក ដើម្បីរៀបចំជាវេទិកាសន្និសីទកាសែតផងដែរ៕
មតិយោបល់