យោងតាមព័ត៌មានដែលបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានអោយដឹងថា ខ្សែភាពយន្តខ្នាតធំរឿង«ព្រាយ»ដែលប្រកាសដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី១៣ ធ្នូនេះ ត្រូវបាននាយកដ្ឋានភាពយន្តដាក់បម្រាមភ្លាមៗ ដោយសារតែភាពយន្តនេះបានបញ្ចូលនូវឈុតរន្ធត់ៗស្ទើរតែគ្រប់ប្លង់ ធ្វើអោយក្រសួងយល់ថាមិនអាចអនុញ្ញាតិអោយអ្នកទស្សនាចូលទស្សនាជាទូទៅបាន។ យ៉ាងណាមិញ លក្ខណ្ឌទាំងនោះមិនត្រូវបានផលិតករបង្ហាញពីការប៉ះពាល់ចំពោះស្នាដៃរបស់ខ្លួននោះទេ បើទោះជាអ្នកតាមដានភាគច្រើនយល់ថា យុវវ័យក្មេងៗមួយផ្នែកធំដែលចូលចិត្តទស្សនាភាពយន្តបែបនេះនឹងធ្វើអោយភាពយន្តបាត់ចំណូលមួយផ្នែក។
ព័ត៌មានដែលបានប្រកាសឡើងបានសរសេរថា នាយកដ្ឋានភាពយន្ត មិនអនុញ្ញាតអោយក្មេងអាយុក្រោម15ឆ្នាំចូលទស្សនានោះទេ ដោយនាយកដ្ឋានក៏មិនអោយអ្នកមានជំងឺបេះដូងចូលទស្សនានោះដែរ ដោយអះអាងថាក្នុងភាពយន្តនេះមានឈុតមួយចំនួនគឺបង្ហាញពីភាពរន្ធត់ខ្លាំង អាចបណ្ដាលអោយអ្នកមានជំងឺបេះដូងមានបញ្ហាក្នុងពេលទស្សនាបាន។ ប៉ុន្តែបើចូលទស្សនាក៏ត្រូវតែមានគ្នាពីរនាក់ឡើងទៅនោះដែរ ដើម្បីការពារក្រែងមានបញ្ហាកើតឡើងជាយកថាហេតុ ហើយអាចជួយសង្គ្រោះបានទាន់ពេល។ បម្រាមដែលបានកំណត់ដោយនាយកភាពយន្តនេះ ត្រូវបានគេចាត់ទុកថាខកខានកើតឡើងជាយូរមកហើយសម្រាប់ភាពយន្តខ្មែរ ដែលមានន័យថាភាពយន្តកន្លងមកមិនមានឈុតរន្ធត់ និងភ័យខ្លាចខ្លាំងរំលេចដូចគ្នានឹងភាពយន្តនេះ សម្រាប់ស្នាដៃក្នុងស្រុក។
លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យបានអះអាងថាលោកមិនប្រតិកម្មចំពោះបម្រាមរបស់នាយកដ្ឋានភាពយន្តនោះទេ ដោយសារតែលោកបានដឹងជាមុនរួចស្រេចទៅហើយថា ភាពយន្តនេះគឺពោរពេញដោយឈុតរន្ធត់ៗ និងភ័យខ្លាច ដោយលោកព្រលយថាភាពយន្តនេះនឹងមានអ្នកស្រែកពេញរោង ខណៈដែលលោកខ្លួនឯងក៏មិនចង់អោយភាពយន្តនេះ មានអ្នកមានបញ្ហាបេះដូង និងក្មេងជំទង់ៗដែលមានវ័យក្រោម១៥ឆ្នាំចូលទស្សនា។ ទោះជាត្រូវបាត់បង់អ្នកទស្សនាអស់ដល់ទៅ២ក្រុម ដែលសុទ្ធតែជាក្រុមដែលនិយមទស្សនាភាពយន្តនៅតាមរោង តែផលិតកររូបនេះ នៅតែអះអាងថា ភាពយន្តរបស់ខ្លួននឹងមិនធ្លាក់ចុះចំណូល ឬបាត់បង់បរិមាណអ្នកទស្សនាក្នុងរោងនោះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ដ្បិតថាបាត់ក្មេងជំទង់ៗជាសិស្សសាលា និងមនុស្សចាស់ ឬមនុស្សដែលមានសម្ពាធបេះដូង ក៏ពិតជាទាក់ទាញអ្នកគាំទ្រជាមនុស្សពេញវ័យ និងមនុស្សកណ្ដាលអោយចូលទស្សនាចាប់ពីសម្រេចដាក់លក់សំបុត្រនៅថ្ងៃទី១៣ ធ្នូនោះ។
ចង់ដឹងភាពយន្តនេះ ហេតុអ្វីក្រសួងចេញបម្រាមមួយចំនួន សូមទស្សនាឈុតខ្លី៖
មតិយោបល់