មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីទទួលបានការចាប់អរម្មណ៍ក្នុងបទ “អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ” លោក ជា សុភា បញ្ចេញ២បទក្ដៅៗ ដែលបទចម្រៀងទាំងពីរសុទ្ធ តែបុកត្រូវទឹកចិត្តបងប្អូនពលករកម្មករ និងពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំ។ បទចម្រៀងនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រ មិនតិចទេ ដោយផ្អែកថាគ្រាន់តែចេញបង្ហោះភ្លាម មានអ្នកចូលទស្សនាច្រើន។
បទចម្រៀងទាំង២បទរបស់លោក ជា សុភា ទើបតែចេញបង្ហោះក្ដៅៗប៉ុណ្ណោះ ដោយទាំង២បទនោះ សុទ្ធតែជាស្នាដៃតែងនិពន្ធរបស់លោក វិរៈ ពន្លក ដែលជាអ្នកនិពន្ធចម្រៀងឆ្នើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយស្នាដៃរបស់លោក បានជួយអោយតារាចម្រៀង ច្រើននាក់រួចមកហើយល្បីឈ្មោះ។ បទចម្រៀងទាំង២ បទនោះ គឺបទ”ញើសឈាមពលករ” និងបទ “ទិដ្ឋភាពស្រុកស្រែនាពេលភ្ជុំបិណ្ឌ”។
បទចម្រៀងក្ដៅៗរបស់លោក កំពុងកញ្ជ្រោលអារម្មណ៍អ្នកគាំទ្រអោយចូលស្ដាប់ ក្រោយការបង្ហោះលើឆាណែលយូធូប ក្នុងចំនួនច្រើនភ្លាមៗតែម្ដង ដោយសារតែបទ ចម្រៀងនេះ ទាំងពិរោះ និងមានអត្ថន័យ។ ខ្លឹមសារបទចម្រៀងរបស់លោក ហាក់បុកត្រូវទឹកចិត្តពលករ និងកម្មករ ជាពិសេសគឺបងប្អូនអ្នករស់ នៅស្រុកស្រែចម្ការ ភាគច្រើននោះផង ទើបគ្រាន់តែចេញបង្ហោះភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ ខ្ពស់តែម្ដង មិនចាញ់បទ “អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ” ដែលល្បីក្នុងស្រទាប់ មហាជន យ៉ាងកក្រើកនោះ។
ជាមួយនឹងវត្តមានបទថ្មីទាំង២ លោក ជា សភាក៏ត្រូវគេកោតសរសើរថា ជាតារាចម្រៀងពន្លកថ្មី ដែលមានសំណាងផងដែរ ដែលមានអ្នកនិពន្ធមានសមត្ថភាព រង់ចាំផលិតបទអោយបណ្ដាក់គ្នា ដែលផ្ទុយពីតារាចម្រៀងមួយចំនួន ដែលចេញបទ ច្រើន តែរកបទដែលជួយអោយពួកគេ ទទួលបានការគាំទ្រខ្ពស់ ក្នុងរយៈពេលខ្លី បែបនេះមិនបាន៕
មតិយោបល់