មនុស្សភាគច្រើនសុទ្ធបានស្គាល់ច្បាស់នូវបទ “ស្អាតជានិច្ច” ដែលជាបទយ៉ាងពេញនិយម ដែលក្មេងៗនៅតាមគ្រឹះស្ថានសិក្សាចេះស្ទាត់មាត់ ប៉ុន្តែគេមិននឹកស្មានថា បទចម្រៀងមួយនេះ មានអ្នកនិពន្ធពិតប្រាកដមនោះទេ ដោយស្មានថាបទមួយនេះ ជាចម្រៀងប្រជាប្រិយខ្មែរ ដែលច្រៀងតៗគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ ម្ចាស់បទមួយនេះ បានចេញមុខទម្លាយពីស្នាដៃរបស់ខ្លួន ខណៈលោកក៍ត្រូវគេស្គាល់ថា ជាតន្ត្រីករក្នុងជំនាន់លោក សុិន សុីសាមុត។
លោកគ្រូ ងិន សុខគ្រវ៉ា បានអះអាងថា លោកបានប្រឡូកអាជីពតន្ត្រីករ តាំងពីជំនាន់លោកសុិន សុីសាមុត នៅរស់ ដោយលោកក៍ជាអ្នកវាយស្គរមួយរូប ដែលបានប្រគំតន្ត្រីក្នុងបទមួយចំនួនរបស់លោក សុិន សុីសាមុត ផងដែរ។ ក្រៅពីនោះលោកក៍បាននិពន្ធចម្រៀង២ បទឲ្យលោក សុិន សុីសាមុត បានថតបានច្រៀងមុនសម័យសង្គ្រាមលន់ ណល់ ដូចគ្នា តែបទទាំងនោះ មិនត្រូវបានចេញនោះទេ មកទល់នឹងពេលនេះ។ លោកថា នៅក្រោយសម័យសង្គ្រាម លោកក៍ក្លាយជាអ្នកនិពន្ធបទចម្រៀង ប្រចាំនៅមណ្ឌលកុមារកុលាបទី១ ដោយក្នុងសម័យនោះ លោកនិពន្ធបទប្រភេទអប់រំកុមារបានច្រើនបទណាស់ ដោយបទ”ស្អាតជានិច្ច” ដែលក្មេងៗ និងយុវវ័យភាគច្រើនចេះចាំស្ទាត់មាត់រាល់ថ្ងៃ គឺជាស្នាដៃរបស់លោក ដែលល្បីល្បាញជាងគេ។ លោកថាបទចម្រៀងនេះ ត្រូវបាននិពន្ធឡើង កាលពីអំឡុងឆ្នាំ១៩៨១ ហើយដោយសារតែមានការគាំទ្រ ក៍ត្រូវបានវិទ្យុជាតិដែលល្បីល្បាញនាសម័យនោះ យកទៅថតផ្សព្វផ្សាយ ហើយបានក្លាយជាចម្រៀងពេញនិយម ដល់បច្ចុប្បន្ន។
មកទល់ពេលនេះ លោកគឺជានាយកសាលាតន្ត្រីសុខគ្រវារ នៅទល់មុខអតីតក្រសួងកិច្ចការនារី នៅក្បែររង្វង់មូលជ្រោយចង្វារ ដោយលោកក៍បានបណ្ដុះកូនសិស្សជាច្រើន ឲ្យល្បីឈ្មោះក្នុងសិល្បៈ ដូចជាលោក សាពូន មីដាដា និងតន្ត្រីករជាច្រើនរូបទៀត។ ក្រៅពីតន្ត្រី លោកក៍ជាអ្នកបង្ហាត់ច្រៀង ជាពិសេសបទក្នុងជំនាន់លោក សុិន សុីសាមុត និងបានចងក្រងបទមរតកដើមបានប្រមាណជា៧០០បទ ទុកឲ្យក្មេងជំនាន់ក្រោយបានដឹង។
លោក ងិន សុខគ្រវារ បញ្ជាក់ថា លោកនឹងនៅតស៑ូក្នុងអាជីពបង្ហាត់តន្ត្រី និងចម្រៀងដោយគ្មានកំណត់នោះទេ បើទោះជាលោកមានវ័យ៦៨ឆ្នាំនាពេលនេះ ដែលជាវ័យត្រូវសម្រាក។ លោកប្រកាសនឹងផលិតបទអប់រំ សម្រាប់ក្មេងៗឲ្យមានការទទួលស្គាល់ ដូចគ្នានឹងបទ”ស្អាតជានិច្ច” ដែលជាស្នាដៃល្បីល្បាញនោះផងដែរ។ លោកថាខ្លួនមិនតូចចិត្តទេ ដែលបទចម្រៀងរបស់លោក ត្រូវមហាជនស្គាល់ច្រើន ប៉ុន្តែសម្រាប់លោកជាម្ចាស់បទ គឺសឹងតែប្រាប់គេ ក៍គ្មានអ្នកជឿ៕
មតិយោបល់