ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាក់ភ្នែក ជាមួយរូបថតប៉ុន្មានសន្លឹករបស់ ញឹម ចាន់ថន ក្នុងរឿង«ចិញ្ចៀន»

នៅមិនយូរប៉ុន្មានទៀតទេ ខ្សែភាពយន្តរឿង «ចិញ្ចៀន» ដែលជាស្នាដៃរបស់លោក ម៉េង ប៊ុនឡូ នឹងត្រូវដាក់បញ្ចាំងលក់សំបុត្រ ដែលផលិតកររឿងនេះ ភ័យផង អរផង បើទោះជាខ្សែភាពយន្តមួយនេះ ត្រូវបាននាយកដ្ឋានភាពយន្ត និងម្ចាស់រោងកុនសរសើរ មិនដាច់ពីមាត់ថា អាចស៊ីលុយដោយមិនលំបាក។ អ្វីដែលគេកាន់តែចាប់អារម្មទៅទៀត គឺតារាសម្ដែងកញ្ញា ញឹម ចាន់ថន បានសម្ដែងជាតួខ្មោចស៊ិចស៊ី និងមានទាំងឈុតឆាករោលរាលផង ដោយគ្រាន់មានការទម្លាយរូបថតប៉ុន្មានសន្លឹករបស់នាង ដែលបានសម្ដែង គឺម្នាក់ៗចាប់អារម្មណ៍។

រូបថតដែលបានបង្ហាញនេះ គឺត្រង់ឈុតឆាករបស់តារាសម្ដែងកញ្ញា ញឹម ចាន់ថន បើកឆាកស្នេហារោលរាល ជាមួយលោកម៉េង ប៊ុនឡូ និងឈុតឆាកពេលនាង កាចសាហាវក្វារពោះវៀនមនុស្ស ខណៈដែលកែវភ្នែក និងការសម្ដែងរបស់នាង ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ថានាងសម្ដែជាតួអង្គបែបនេះ គឺល្អមិនធម្មតា។ ញឹម ចាន់ថន និយាយថាក្នុងរឿង «ចិញ្ចៀន» រូបនាងត្រូវសម្ដែងដាច់យប់ញឹកញាប់ ដោយសារតែក្នុងរឿងនេះ ផលតិករតម្រូវឲ្យនាងសម្ដែងជាតួខ្មោចកាចសាហាវ ហើយបើនិយាយពីឈុតឆាកពញាក់អារម្មណ៍មហាជន គឺមានរាប់មិនអស់ ដែលនាងបានហៅខ្លួនឯង ជាតួអង្គដែលធ្វើឲ្យអ្នកទស្សនា នឹងស្រែកពេញរោង។

នាងថាការសម្ដែងមួយរឿងនេះ គឺមានពេលខ្លះនាងត្រូវព្រឺព្រួចមែនទែន តែដោយសារតែចង់សម្ដែងឲ្យដូចពិតៗ ឲ្យអ្នកទស្សនាបានខ្លាចមែនទែន ទើបនាងលះបង់ខណៈដែលក្នុងឈុតខ្លះ គឺសម្ដែងរួចហើយក៏ដេកមិនលក់។ នាងថាភាពយន្តរឿង «ចិញ្ចៀន»មិនមែនជាលើកទី១ ដែលនាងបានសម្ដែងជាតួខ្មោចនោះទេ តែភាពយន្តមួយ ដែលនាងយល់ថា មានឈុតគួរឲ្យខ្លាច ក្នុងពេលសម្ដែងភាគច្រើន ក្នុងចំណោមភាពយន្តដែលនាងបានសម្ដែង។ អ៊ីចឹងហើយទើបនាងរំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នៅពេលដាក់បញ្ចាំង លក់សំបុត្រផ្លូវការនៅថ្ងៃទី៣ ខែមករា នឹងទទួលបានការចាប់អារម្មណ៍ខ្ពស់ ព្រោះតែសំបូរឈុតឆាករន្ធត់ ហើយបើនិយាយពីកំប្លែង គឺកំប្លែងស្ងួត ដែលអ្នកទស្សនា នឹងមិនសាំគ្រប់ឈុត។

ញឹម ចាន់ថន និយាយថាភាពយន្តមួយនេះ មានសាច់រឿងប្លែក ហើយប្រទាក់ក្រឡា ដោយនាងបញ្ជាក់ថា អ្នកទស្សនានឹងមិនស្ដាយថវិកាទិញសំបុត្រ នៅពេលទស្សនានោះទេ ដោយសារតែទឹកដៃមួយរឿងនេះ គឺមានការសម្រិតសម្រាំង ដើម្បីយកគុណភាព និងស្នាដៃ៕

មតិយោបល់