គួរឲ្យកោតសរសើរយ៉ាងខ្លាំង ដោយសារតែក្រុមតារាសម្ដែងមួយក្រុម ដែលមានឈ្មោះថាក្រុមតារាមហាហង្ស អាចដណ្ដើមយកពានកិត្តិយស ពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយក្រុមសិក្ខាកាមរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិបាន ខណៈដែលក្រុមមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំងមួយនាពេលកន្លងមក។ វត្តមានប្រកួតគ្នានៅក្នុងថ្ងៃនោះ ត្រូវឃើញធ្វើឡើងយ៉ាងស្វិតស្វាញបំផុត ដោយលទ្ធផលចុងក្រោយ ក៏មិនបានឈ្នះចាញ់នោះដែរ ក្នុងរយៈពេល៩០នាទី តែក្រុមតារាមហាហង្ស អាចដណ្ដើមយកពាននោះបាន ដោយលទ្ធផលស៊ុតប៉េណាំងទី។
ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ធ្នូ នៅលើទីលានរាជបណ្ឌិត្យសភានគរបាលជាតិនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរ សុទ្ធតែមានជំនឿចិត្តថា នឹងឈ្នះរៀងខ្លួន ហើយដើម្បីឲ្យការប្រកួតកាន់តែមានតម្លៃជាងការប្រកួតមិត្តភាព ក៏ត្រូវថ្នាក់ដឹកនាំរបស់សាលាបណ្ឌិត្យសភានគរបាលជាតិ នៅដីឥដ្ឋ ហួសគៀនស្វាយ សម្រេចធ្វើពានកិត្តិយស ប្រគល់ជូនអ្នកឈ្នះ។ រយៈពេល៩០នាទី ក្រុមទាំង២បានត្រឹម១ស្មើប៉ុណ្ណោះ ទើបត្រូវកាត់ក្ដីដោយបើកឱកាសឲ្យកីឡាកររបស់ក្រុមម្ខាងៗ ស៊ុតប៉េណាំងទី ហើយក្រុមរបស់តារាមហាហង្ស ស៊ុតចូលទាំង៥គ្រាប់ ខណៈដែលក្រុមសិក្ខាកាមនគរបាលជាតិ របស់សាលាបណ្ឌិត្យសភានគរបាលជាតិ ស៊ុតចូលតែ៤គ្រាប់ទាំងសោកស្ដាយ។ តារាដែលបានបង្ហាញខ្លួនចូលប្រកួត នៅក្នុងថ្ងៃនោះរួមមាន តារាសម្ដែងលោក ត្រាយ៉ាកូ, លោកភឹម តារាវិបុល, លោកហូ ប៉ូសេង ឬហូ នរមង្គល, តារាសម្ដែងលោកតុលា, លោកយុទ្ធ ឋានៈ, តារាសម្ដែងលោកវត្ថា, លោកចាន់ រតនា និងក្រុមការងាររបស់មហាហង្សច្រើនរូបទៀត។
លោក អ៉ិន មេក្រុមតារាមហាហង្ស បានថ្លែងក្រោយលើកពានថា តាំងពីបានប្រមូលតារាឲ្យក្លាយជាក្រុមបាល់ទាត់ ជាលើកទី១ដែលក្រុមរបស់លោក ទទួលបានពានកិត្តិយស ដោយពានដែលទទួលបាននេះ ក៏ចេញដោយស្ថាប័នជាតិមួយ ដែលមិនមានជាពានធម្មតា។ លោកថានេះ ជាលទ្ធផលបន្ទាប់ពីក្រុមតារាមហាហង្ស ត្រូវបានបង្កើតឡើង ស្របគ្នាដែលកន្លងមក ក៏ដ្បិតថា បានទទួលជ័យជម្នះលើក្រុមផ្សេងៗ តែក៏បានត្រឹមតែកិត្តិយសធម្មតាៗ ដោយមិនមានពានជាសម្គាល់បែបនេះ។ លោកថា នេះជាលទ្ធផលដែលបានពីកម្លាំងសាមគ្គី តែលោកក៏សរសើរចំពោះក្រុមម្ខាងទៀត និងបានចាត់ទុកថា លទ្ធផលឈ្នះ ដោយប៉េណាំងទីនៅក្នុងថ្ងៃនោះ កើតឡើងពីរឿងសំណាងផងដែរ៕
មតិយោបល់