នៅទីបំផុតតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានប្រកាសអោយដឹងពីការបញ្ចប់ចម្រូងចម្រាស់ជាមួយម្ចាស់ហាងសមុទ្រនៅជិតពេទ្យកុមារជាតិហើយ ដោយនាងបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី២៨ ធ្នូ ដោយនាំជនបង្កដែលបានជះ និងគប់កំប៉ុងស្រាប៑ៀ មកសុំទោសជាសាធារណៈ។
នាងទទួលបានលក្ខណ្ឌ៣ជាថ្នូរនឹងការបញ្ចប់ពាក្យបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការនេះ គឺទទួលបានការលុបលាងកិត្តិយស ដោយជនបង្កប្រកាសសុំទោស ទទួលបានទឺកប្រាក់ចំនួន១ម៉ឺនដុល្លារក្នុងចំនួនទឹកប្រាក់ដែលគ្រោងទារ១០ម៉ឺនដុល្លារ និងទទួលលក្ខណ្ឌមិនគុំគួនពីសំណាក់់ជនបង្ក។
ជនបង្កដែលបានធ្វើអោយកើតឡើងរឿងក្ដៅក្រហាយចំពោះនាង បានអះអាងថាឈ្មោះ រស្មី ដោយជនបង្កថាហេតុផលដែលខ្លួនជ្រុលជ្រួសធ្វើរឿងដ៏អាក្រក់នោះ គឺដោយសារតែខ្លួនស្រវឹងជោគជាំ។ លោកថាខ្លួនសប្បាយនឹងថ្ងៃជប់លៀងបុណ្យណូអែលនោះពេក ទើបផឹកដល់ស្រវឹង ហើយក៏មិនបានដឹងថាអ្វីដែលខ្លួនបានធ្វើគឺជារឿងខុសឆ្គងនោះទេ។ បើទោះជាមានអ្នកខ្លះមិនជឿលើហេតុផលដែលលោកបានឆ្លើយ ប៉ុន្តែក៏មានន័យថា តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បានទទួលនូវយុត្តិធម៌តាមការចង់បានផងដែរ ដោយសារខាងម្ចាស់ហាងបានរកឃើញអ្នកចេញមុខសុំទោស និងបង់ជំងឺចិត្តអោយនាងចំនួន១ម៉ឺនដុល្លារ ដោយសន្យាមិនគុំគួន និងមិនធ្វើអ្វីប៉ះពាល់ដល់គ្នាក្នុងពេលបន្ទាប់។
កញ្ញា ទេព បូព្រឹក្ស បានអះអាងថាអ្វីដែលបានដោះស្រាយនាងពេញចិត្តហើយ ដោយលទ្ធផលនេះ នាងថាបានទាំងស្រុងពីអន្តរាគមន៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងមានអ្នកជួយច្រូងច្រាង ទើបធ្វើអោយទទួលបានលទ្ធផលមួយនេះ ខណៈដែលអ្នកនាង ចន ច័ន្ទលក្ខិណា ដែលចេញមុខអន្តរាគមន៍បានទទូចកុំអោយកើតមានទង្វើបែបនេះចំពោះអ្នកដទៃ មិនថាអ្នកសិល្បៈ ឬមិនមែនអ្នកសិល្បៈ ដើម្បីកុំអោយរក្សាអោយបាននូវសីលធម៌ថ្លៃថ្នូរនៅក្នុងសង្គម។ ទេព បូព្រឹក្ស ក៏នៅតែប្រកាសថានឹងបែងចែកថវិកាដែលទទួលបានចំនួន១ម៉ឺនដុល្លារ យកទៅធ្វើសកម្មភាពសង្គមផងដែរ ដោយគ្រាន់តែមិនទាន់បែងចែកថាទៅកាន់ស្ថាប័នណាប៉ុន្មានៗ៕
មតិយោបល់