ព័ត៌មានជាតិ

សូមប្រយត្ន័! រថយន្តស៊េរីទំនើបឡិចស៊ីស ES300h ស្លាកលេខ ភ្នំពេញ 2AK-8908 បុករ៉ឺម៉កកង់បី លេចមុខជនមិនស្គាល់មុខ១ក្រុម មកវាយនិងចាប់អ្នកបើករថយន្តបង្កភាពជ្រួលច្របល់ ហើយលួចយកកាបូបលុយ៤ម៉ឺនដុល្លារយកទៅបាត់!!!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស ES300h ស្លាកលេខ ភ្នំពេញ 2AK-8908 ជិះដោយយុវជន៣នាក់សង្ស័យស្រវឹង ទើបនឹងចេញពីផឹកស៊ីនៅហាងមួយកន្លែងម្តុំកោះពេជ្រ បានបុករ៉ឺម៉កកង់បីដែលម្ចាស់កំពុងបណ្តើរតាមផ្លូវពេញទំហឹង ផ្លោងខ្ទាតជិត១០ម៉ែត្របណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តបើកទៅមុខជិត២០ម៉ែត្រទើបអែបខាង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១យប់ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មុខក្រសួង​បរិស្ថាន​ថ្មី ផ្លូវក្រសួងបរិស្ថានថ្មី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ​។

សូមបញ្ជាក់ថាបន្ទាប់ពីកើតហេតុភ្លាមៗ មានជនមិនស្គាល់មុខ យកដុំថ្មមកវាយកម្ទេចកញ្ចក់រថយន្ត ហើយចាប់ទាញអ្នកបើកបររថយន្តបម្រុងវ័យ​ ភ័យពេកក៏រត់គេចបាត់ សល់តែយុវជនម្នាក់ក្នុងរថយន្តតែប៉ុណ្ណោះ ស្រាប់តែម្ចាស់រថយន្តនោះបានទាក់ទងមកយុវជនដែលនៅក្នុងរថយន្តថា មានកាបូបលុយនៅក្នុងរថយន្តដែលមានលុយ៤ម៉ឺនដុល្លារ ទើបប្រញាប់ប្រញាល់រក តែរកមិនឃើញសោះក្រោយពីមានការជ្រួលច្របល់មុននេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងរ៉ឺម៉កកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកកាបូបលុយ៤ម៉ឺនដុល្លារនោះ រកមិនឃើញទេ៕

មតិយោបល់