ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូ១ទៀតបុកស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះដោយយុវជន៣នាក់បុកផ្លោងទៅលើចិញ្ចើមផ្លូវបណ្តាលឲ្យអ្នកបើកបរម៉ូតូឌ្រីមសង់ស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកដំណើរ២នាក់ទៀត រងរបួសធ្ងន់។ ចំណែកខាងម៉ូតូPCX រងរបួសស្រាល គេចចេញពីកន្លែងកើតហេតុបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបវត្តនាគវ័ន្ត តាមបណ្តោយផ្លូវសហពន្ធរុស្សី កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះ នីចាន់ យ៉ាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែកម្តុំផ្សារអូឡាំពិក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិព្រែកច្រាំង ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបាន​រងរបួសធ្ងន់។ អ្នកទាំង៣ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-5238។ រីឯខាងម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2300 ម្ចាស់រងរបួសស្រាលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកPCX ចេញពីម្តុំផ្លូវវត្តនាគវន្ត័តាមបណ្តោយផ្លូវ២២១ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ជិះដោយយុវជន៣នាក់ ចុះពីលើស្ពានអាកាស៥មករាទិសដៅពីលិចទៅកើតបានបុកគ្នា ពេញទំហឹងបណ្តាលឲ្យខាងម៉ូតូឌ្រីមសង់ផ្លោងទៅបោកនឹងបង្គូលស្លាកសម្គាល់លេខផ្លូវបណ្តាលឲ្យទ្រេតរួចបានស្លាប់អ្នកបើកបរនៅនិងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នករួមដំណើរ ២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ រីឯខាងម្ចាស់ម៉ូតូPCX បានរងបួសស្រាលហើយបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រជូនសាច់ញាតិយកទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

មតិយោបល់