ក្នុងពិធីជប់លៀងឆ្លងឆ្នាំ និងចាប់រង្វាន់ធំប្រមាណជាង២ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី៣១ ធ្នូ របស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង នៅភោជនីយដ្ឋានទន្លេបាសាក់២ក្បាលថ្នល់ តារា៣ដួងរួមមាន នាយសុបិន្ត លោក BIG និងតារាចម្រៀងលោក មង្គល ធីណា ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងក្រឡឺម នៅក្នុងពិធីនោះក្នុងតំណែងជាពិធីករចាប់ឆ្នោត និងជាតារាចម្រៀង។ អ្វីដែលគេកត់សម្គាល់ថា គឺតារាទាំង៣ សុទ្ធតែបានប្រកាសថា ខ្លួននឹងសិក្សាពីគម្រោងបើកហាងលក់មីហិរយីហោនេះ ដើម្បីទប់នឹងការងារសិល្បៈ ដែលមិនអាចឈានឡើង ឲ្យខ្ពស់ជាងនេះទៀតបាន។
លោក BIG និយាយថា លោកល្មមនឹងដល់ពេលលោក ត្រូវសម្លឹងមើលអាជីវកម្មមួយ ហាងមួយ ដើម្បីពង្រីកប្រាក់ចំណូលរបស់ខ្លួនហើយ ដោយលោកយល់ថា ការបើកជំនួញមីហិរស៊េអូល៧យ៉ាង គឺជាអ្វីដែលលោកចាប់អារម្មណ៍។ លោកថា អាជីវកម្មហូបចុកបែបនេះ ងាយស្រួលនឹងធ្វើឲ្យលោកមិនប្រឈមខាតបង់ និងមិនបោះទុនច្រើននោះទេ ខណៈដែលយីហោហាងនេះ ក៏មានការពេញនិយមស្រាប់ ដែលមិនពិបាកភ័យរឿងបើកហើយបិទវិញ។
លោក ងួន សុបិន្ត និយាយថា លោកចង់ក្លាយជាម្ចាស់ហាងហូបចុកបែបនេះ ជាយូរមកហើយ ដោយលោកបានចាត់ទុកឱកាស បានក្លាយជាពិធីករក្នុងកម្មវិធីចាប់ឆ្នោតរបស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង នឹងធ្វើអោយលោកកាន់តែស្គាល់ជិតស្និទ្ ធជាមួយម្ចាស់ហាង ហើយអាចសិក្សាពីដំណើរការអាជីវកម្ម បានយ៉ាងរលូនក្នុងពេលដ៏ខ្លី។ លោកថានេះ ជាមុខរបរហូបចុកដែលអ្នកណា ក៏ចាប់អារម្មណ៍ ហើយដើម្បីអាចសម្រេចនូវគោលបំណងនេះ គឺលោកនឹងសិក្សាពីដំណើរការបើកហាងអោយបានកាន់តែឆាប់។ យ៉ាងណាមិញ លោកថាពេលវេលាពិតប្រាកដ នៅមិនទាន់ដឹងទេ ដោយគ្រាន់តែលោកដឹងថា នឹងអាចសិក្សាក្នុងពេលឆាប់ ដើម្បីមានហាងហូបចុកមួយ ជារបស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។
មិនខុសគ្នាដែរ លោក មង្គល ធីណា តារាចម្រៀងថោន បានអះអាងថា លោកស្រឡាញ់អាជីវកម្មបែបនេះ ជាយូរមកហើយ ដោយសារតែពេលន្លងមក លោកក៏មានមិត្តភ័ក្រ្តដំណើរការហាងនេះ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ លោកថា មុខរបរមីហិរសេអ៊ូល៧យ៉ាង គឺជាអាហារដែលបងប្អូនខ្មែរ ភាគច្រើនចូលចិត្ត ដូច្នេះអោយតែបើកត្រូវចំបរិយាកាសល្អ គឺងាយស្រួលខ្លាំងណាស់ សម្រាប់ជោគជ័យ ជាពិសេសសម្រាប់ផលចំណេញ។
នៅក្នុងពិធីនោះ លោក អ៊ឹម លី ម្ចាស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង ក៏បានថ្លែងបញ្ជាក់ថាដែរ មកទល់រយៈពេល២ឆ្នាំ ដែលលោកទិញសិទ្ធិដំណើរការអាជីវកម្មនេះ ហាងមីហិរមានសាខាចំនួន៧០កន្លែងហើយ ដោយគម្រោងនឹងទិញសិទ្ធិភេសជ្ជៈឆប់ឆាហ៍ មកដាក់ក្នុងហាងនៅគ្រប់សាខាបន្ថែមទៀត ចាប់ពីឆ្នាំ២០១៩តទៅ ដែលមានន័យថា ក្រៅពីភ្ញៀវអាចទទួលទានមីហិរយ៉ាងឆ្ងាញ់របស់កូរ៉េ ក៏បានទទួលទានភេសជ្ជៈឆប់ឆាហ៍ ដែលជាប្រេនល្បីល្បាញរបស់ថៃក្នុងហាងតែមួយ។ យ៉ាងណាមិញ លោកបានប្រកាសថា គ្រប់បណ្ដាហាងមីហិរដែលមិនមានយីហោ មីហិរសេអ៊ូល៧យ៉ាង គឺមិនមែនជាសាខារបស់ខ្លួនឡើយ។
លោក អ៊ុច រ៉ូម៉ា ម្ចាស់ហាងភេសជ្ជៈឆប់ឆាហ៍ បានថ្លែងបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅ ហាងឆប់ឆាហ៍នឹងមានសាខាសរុបទាំងអស់ជាង៩០កន្លែង ដោយសារតែមុនកុងត្រាចាប់ដៃជាមួយហាងមីហិរសេអ៊ូល៧យ៉ាង ខ្លួនមានសាខាចំនួន២៥ទីតាំងហើយ នៅទូទាំងប្រទេស៕
មតិយោបល់