ភ្នំពេញៈ ខណៈដែលក្រុមមហាជនកាន់តែផ្ដោតការរិះគន់យ៉ាងពេញទំហឹង ទៅលើបទចម្លង ជាពិសេសគឺដែលមានអត្ថន័យប្រាស់ចាកពីសីលធម៌ខ្មែរ ដូចជាបទ«ស៊ីបានចេះតែស៊ីទៅ»របស់លោកកែវ វាសនា និងបទ«ទាល់យូរបានស៊ីអូនបាន»របស់កញ្ញាម៉ាលីសនោះ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្ម ថោន ត្រូវគេឃើញប្រកាសស្វែងរកអ្នកមានសមត្ថភាពក្នុងការនិពន្ធបទថ្មីមកធ្វើជាក្រុមផ្ទាល់ខ្លួន។
តាមរយៈការប្រកាសជាសាធារណៈនេះ លោកជឿជាក់ថានឹងមានក្រុមផលិតចម្រៀងជារបស់ផ្ទាល់ខ្លួនមួយ ដែលក្រុមទាំងនេះក្រៅពីជាផ្នែកមួយសម្រាប់លោក ក៏នឹងក្លាយជាផ្នែកដ៏សំខាន់របស់ផលិតកម្មថោនផងដែរ។
លោកករុណា ពេជ្រ បានថ្លែងប្រាប់ Post news ថា ពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីឆ្លើយតបនឹងការចង់ស្ដាប់បទថ្មីរបស់មហាជនភាគច្រើន លោកនឹងបើកឱកាសប្រមែប្រមូលយកអ្នកមានសមត្ថភាពដែលអាចផលិតបទចម្រៀងថ្មីៗបាន មកធ្វើជាក្រុមការងាររបស់ខ្លួន។ លោកទទូចឲ្យអ្នកចេះធ្វើភ្លេងទាំងអស់ ផ្ញើបទចម្រៀងជាស្នាដៃរបស់ខ្លួននៅក្នុងInbox របស់លោក ដើម្បីឲ្យលោកធ្វើការសម្រេចចិត្តថាតើសមត្ថភាពរបស់អ្នកដែលចង់ក្លាយខ្លួនជាក្រុមផលិតចម្រៀងដែលលោកសំឡឹងរកនោះ នឹងអាចក្លាយជាក្រុមការងាររបស់លោកបាន ឬ មិនបាន។
លោកថាក្រុមការងារដែលលោកជម្រើសយកនេះ គឺជាក្រុមការងាររបស់លោក ប៉ុន្តែស្នាដៃរបស់ពួកគេមិនមែនផលិតបទចម្រៀងសម្រាប់ឲ្យតែលោកច្រៀងនោះទេ ដោយសារតែបទដែលបានផលិតខ្លះគឺត្រូវដាក់ឲ្យស៊ីនឹងទឹកដមសំឡេងរបស់តារាចម្រៀងផ្សេងទៀត ដែលស្ថិតនៅរួមទ្រនំរបស់លោក។ ករុណា ពេជ្រ និយាយថា«ឥឡូវនេះ ខ្ញុំនឹងប្រកាសស្វែងរកអ្នកចេះធ្វើបទថ្មីៗមកធ្វើជាក្រុមការងាររបស់ខ្ញុំ ប៉ុន្តែស្នាដៃរបស់គាត់កុំច្រលំថាគឺមកធ្វើបទឲ្យខ្ញុំ គឺរាល់បទរបស់គាត់ ខ្ញុំនឹងយកទៅឆ្លងនៅផលិតកម្មថោន ថាគួរឲ្យតារាចម្រៀងណាច្រៀងដើម្បីឲ្យត្រូវនឹងបទចម្រៀង អញ្ចឹងការងាររបស់គាត់ដ្បិតថាធ្វើជាមួយខ្ញុំ តែមិនខុសពីធ្វើជាមួយថោនទេ ទើបខ្ញុំគិតថាក្រុមដែលខ្ញុំគ្រោងបង្កើតនេះនឹងមានប្រយោជន៍!»។
លោកថាមកទល់ពេលនេះមានអ្នកផ្ញើបទចម្រៀង ជាស្នាដៃរបស់ខ្លួនមកកាន់Inbox របស់ខ្លួនច្រើនហើយ ដោយលោកនឹងធ្វើការណាត់ជួបជាមួយអ្នកដែលមានស្នាដៃទាំងនោះក្នុងពេលបន្តបន្ទាប់ ដើម្បីកំណត់ជ្រើសថាអ្នកមានស្នាដៃណាខ្លះដែលនឹងក្លាយជាអ្នកផលិតបទចម្រៀងឲ្យលោកដើម្បីឆ្លងទៅកាន់ផលិតកម្មថោន។ លោកថាការបង្កើតនូវក្រុមការងារនេះ ដ្បិតថាដើម្បីឲ្យលោកមានបទចម្រៀងថ្មីៗចេញច្រៀង ក៏ជួយឲ្យតារាចម្រៀងផ្សេងទៀតរបស់ផលិតកម្មថោនមានបទនិពន្ធថ្មី និងជួយឲ្យអ្នកនិពន្ធស្នាដៃថ្មីៗមានទ្រនំច្បាស់លាស់ ដើម្បីពង្រីកស្នាដៃផងដែរ។ មានការរំពឹងថាក្រុមការងារដែលលោកត្រៀមធ្វើឲ្យលេចចេញរូបរាងក្នុងពេលខាងមុននេះ ពិតជាធ្វើឲ្យវិស័យចម្រៀងរបស់កម្ពុជាគេចផុតពីការរិះគន់រឿងចម្លងបទបរទេសដែលបានកើតឡើង៕
មតិយោបល់