ភ្នំពេញៈ តារាងសម្តែង និងត្រូវជាសង្សាររបស់អ្នកនាង ពេជ្រ សោភា ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ យកទៅបានសម្រេចខណៈដែលកំពុងជិះម៉ូតូកង់បី មកពីហូបពោតស្ងោរ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតស្តុបពេទផន តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ឈឹម កក្កដា អាយុ២៨ឆ្នាំ ជាតារាសម្ដែង និងតារាម៉ូឌែល ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមសម្តីពីតារាសម្ដែងខាងលើ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហើយ គាត់បានហៅម៉ូតូកង់បីមួយគ្រឿង (ផាស់អេប) ដើម្បីជិះចេញពីផ្ទះនៅម្តុំបឹងសាឡាងតែម្នាក់ឯង បំណងទៅហូបពោតស្ងោរ នៅម្តុំវិមានឯករាជ្យ។ ពេលហូបរួចហើយ គាត់ក៏បានជិះត្រលប់មកផ្ទះវិញ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ១៨៧ ក្នុងទិសដៅពីកើតទៅលិច ហើយពេលដែលធ្វើដំណើរតាមផ្លូវ គាត់ក៏បានដកទូរស័ព្ទដៃមួយគ្រឿងម៉ាក oppo R17 Pro របស់គាត់យកមកលេងហ្វេសបុក។
លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ មកពីក្រោយ។ រួចក៏បានធ្វើសមក្មភាពឆក់ទូរស័ព្ទដៃពីរូបគាត់ បណ្ដាលឲ្យទូរស័ព្ទ ជ្រុះទៅលើដី ភ្លាមៗនោះក៏មានបក្ខពួករបស់ជនសង្ស័យ ជិះម៉ូតូមួយគ្រឿងផ្សេងទៀត មករើសយកទូរស័ព្ទដៃរបស់គាត់ រួចជិះរត់គេចខ្លួនបាត់ស្រមោល។
តារាសម្ដែងរូបនេះ បានបញ្ជាក់ថា គាត់មិនសូវស្តាយនិងទូរស័ព្ទដៃដែលត្រូវក្រុមចោរឆក់យកទៅនោះទេ គឺគាត់ស្តាយពីឯកសារសំខាន់ៗ ដែលគាត់បានរក្សាទុកក្នុងទូរស័ព្ទដៃនោះ គឺមានដូចជា ម៉ែឡូឌីចម្រៀង និងបារ៉ូរឿងខ្លីៗ ដែលគាត់បាននិពន្ធជាច្រើន ហើយជាឯកសារដែលគាត់ គ្រោងចូលទៅក្នុងផលិតកម្មមួយក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ក្រោយពេលកើតហើយតារាសម្ដែងខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារដេប៉ូទី១ ដើម្បីសមត្ថកិច្ចស្រាវជ្រាវ រកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់