ព័ត៌មានជាតិ

​រថយន្តបែនដឹកដី បើកកៀរម៉ូតូសង់កូរ៉េ របួសធ្ងន់២នាក់ទាំងព្រឹក!

ភ្នំពេញ: បុរស២នាក់បងប្អូនរងរបួសធ្ងន់ ម្នាក់បាក់ដៃ បាក់ឆ្អឹងជំនី ម្នាក់បាក់ធ្មេញ បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅធ្វើការ ត្រូវបានរថយន្តដឹកដី ប្រភេទយីឌុបបើកកៀរឲ្យដួលហើយបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក នៅលើផ្លូវឈ្នះ ឈ្នះ កែងផ្លូវបេតុង វត្តពោធិ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ទ្រី ហឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក រងរបួសស្រាលបាក់ធ្មេញ និងឈ្មោះ ទ្រី ម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាដែកជាមួយគ្នា រងរបួសបាក់ដៃស្តាំ បាក់ឆ្អឹងជំនី ទាំង២នាក់ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ឌុបគ្នា ចេញពីផ្ទះ ធ្វើដំណើរតាមផ្លូវបេតុង វត្តពោធិ៍ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ឡើងផ្លូវ ឈ្នះ ឈ្នះ ក្នុងគោលបំណងបត់ឆ្ពោះទៅជើង ស្រាប់តែរថយន្តដឹកដី យីឌុប ម៉ាកហ៊ីយ៉ាន់ដាយ មិនចាំស្លាកលេខបើកស្របទិសគ្នា បត់ឆ្វេងដូចគ្នា ជ្រុលមកកៀរបោកនឹងចិញ្ចើមផ្លូវ បណ្តាលឲ្យដួលរងរបួសហើយរថយន្តបង្កបើករត់គេចទៅបាត់​។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូផ្ទាល់ខ្លួន ទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ ក្រុមគ្រួសារយកទៅរក្សាទុក ខណ:ដែលរថយន្តបង្កបើកគេចទៅបាត់​៕

មតិយោបល់