ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីពួកគាត់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុកពីចំហៀងពេញទំហឹង រួចបើករត់គេចខ្លួនបាត់ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតទ្បើងនៅវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុនលក់រថយន្ត Mecerdez ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម សុម៉ារ៉ា អាយុជិត៥០ឆ្នាំ មុខរបបជាគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្ដីស្ត្រីដែលរងរបួសស្រាល និងជាអ្នកឌុបជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូគុបមូលមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុនលក់រថយន្ត Mecerdez ជាកន្លែងកើតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង( បញ្ច្រាសទិស) ក្នុងល្បឿនយ៉ាងលឿន បានបុកពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូ ខណៈម៉ូតូត្រូវអូសជាង៥០ម៉ែត្រ ហើយស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នកឌុបរងរបួសស្រាល ។ ភ្លាមៗនោះដែររថយន្តបង្ក បានបើកគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង និងយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំស្រាវជ្រាវ និងរករថយន្តបង្ក យកមកដោះស្រាយតាមផ្លូវច្បាប់៕ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុសាកសួរក្រុមគ្រួសារ និងប្រគល់ឲ្យរថយន្តគិលានសង្គ្រោះឯកជនដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋាន៕
មតិយោបល់