ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម សូ ស្រណោះ ជោគជ័យការប្រកួតប្រជែងនៅវៀតណាម

ក្រោយបញ្ចប់ការប្រកួតតន្ត្រី និងចម្រៀង ទ្រង់ទ្រាយអាស៑ានបូក២ ក្រុមសិល្បកររបស់លោក សូ ស្រណោះ ពិតជាទទួលជោគជ័យមែន ដោយទទួលបានចំណាត់ថ្នាក់ មិនគួរអោយជឿលើឆាកអន្តរជាតិ។ ថ្វីដ្បិតតែមិនបានទទួលពានជើងឯកនាំមុនគេ សម្រាប់មេដាយមាស ដែលបានប្រព្រឹត្តិទៅនៅវៀតណាម កាលពីថ្ងៃ១៩ និង ២០ មករា នោះមែន ប៉ុន្តែក៏ចាត់ទុកថា ជាមោទនភាពដ៍កម្រផងដែរ។

លោក សូ ស្រណោះ បានថ្លែងពីប្រទេសវៀតណាមមកថា ក្រោយបញ្ចប់ការប្រកួតក្រុមតន្ត្រីរបស់លោក ទទួលបានចំណាត់ថ្នាក់យ៉ាងត្រចះត្រចង់ ដោយទទួលបានមេដាយមាសចំនួន១១ មេដាយប្រាក់២៨ និងមេដាយសំរិទ្ធិ២ ក្នុងចំណោមវិញ្ញាសារ ដែលកម្ពុជាចូលរួមប្រកួត។ លោកថាក្នុងចំណោម១២ប្រទេស ដែលបានចូលរួមប្រកួតប្រជែង កម្ពុជាទទួលបានចំណាត់ថ្នាក់ជើងឯក ឬ Champion លេខ២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដោយសារតែវៀតណាមគេ មានមេដាយមាសនាំមុខកម្ពុជា។

យ៉ាងណាមិញ លោកថាបើធៀបនឹងវិញ្ញាសារផ្នែកព្យាណូ គឺក្រុមកម្ពុជាទទួលបានមេដាយមាសច្រើនជាង ទើបលោកបានចាត់ទុកថា កម្ពុជាទទួលបានលទ្ធផលល្អជាង ដោយសារតែវៀតណាមជាម្ចាស់ផ្ទះ គេមានអទិភាព ហើយគេនាំមុខមេដាយមាស លើកក្រុមកម្ពុជាតែលើវិញ្ញាសារជាក្រុម ឬ Band ប៉ុណ្ណោះ។ លោកនិយាយថា «ការប្រកួតនឹងក្រៅពីមេដាយ គេអោយពានជើងឯកលេខ១ និងលេខ២ មួយទៀត សម្រាប់ប្រទេសដែលមានមេដាយមាស សរុបបានច្រើនជាងគេ ហើយក្រុមកម្ពុជាបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីម្ចាស់ផ្ទះ ប៉ុន្តែបើគិតលើវិញ្ញសាសព្យាណូ ដែលខ្ញុំធ្លាប់រំពឹងថា នឹងយកពានជើងឯកបាន គឺដូចតែលេខ១ចឹង ព្រោះក្នុងកម្មវិធីនឹងយើងដណ្ដើមបានមេដាយមាសច្រើន ជាងគេលើវិញ្ញសារនឹង ហើយប្រទេសទាំង១២ សូម្បីតែវៀតណាម ក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពក្រុមយើង!»។

លោក សូ ស្រណោះ បន្តថា កូនសិស្សពីកម្ពុជា ដែលលោកបញ្ជូនទៅមានចំនួន៤០រូប ហើយលោកក៏មិននឹកស្មានថា ក្រុមរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់ដ៏ល្អបែបហ្នឹងនោះដែរ ជាពិសេសសម្រាប់វិញ្ញាសារព្យាណូ ដែលនៅប្រទេសកម្ពុជា ទើបតែមានការកកើតនោះ។ លោកគម្រោងរៀបចំពិធីជប់លៀងធំមួយ ដើម្បីអបអរចំពោះជ័យជម្នះនេះ ដើម្បីបង្ហាញសាធារណមតិអោយបានដឹងថា ក្មេងៗរបស់កម្ពុជាដ្បិតតែមានចំណេះដឹងក្មេងខ្ចី ធៀបនឹងបរទេស ប៉ុន្តែអាចដណ្ដើមបានចំណាត់ថ្នាក់លេខ២ លើឆាកអន្តរជាតិដ៏ធំមួយបាន៕

មតិយោបល់