ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តមួយបាំងកន្លះមួយគ្រឿង បត់ឆ្វេងមិនប្រយ័ត្ន រុលទៅបុករះម៉ូតូ៣គ្រឿងដែលឈប់ចតនៅខាងមុខផ្ទះ និងបណ្តាលឲ្យនារីម្នាក់ដែលអង្គុយលេងលើម៉ូតូរងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរស្តុបក្បាលមាន់ចែ តាមបណ្ដោយផ្លូវ២១៩ កែងនិងផ្លូវ២១២ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកបររថយន្តមួយគ្រឿងម៉ាក NISSAN FRONTIER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2625 បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ២១៩ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបត់ឆ្វេងទៅផ្លូវ២១២ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូចំនួន៣គ្រឿងទៀតឈប់ចតចោលនៅខាងមុខផ្ទះចំពេញទំហឹង។ ដោយទី១ម៉ាក ហុងដាឌ្រីម ស៊េរី០១២ ពណ៌ខ្មៅ មិនស្គាលស្លាកលេខ ទី២ម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GH-0622 បណ្តាលឲ្យម៉ូតូទាំង២កៀបជាប់ក្រោមរថយន្តរងការខូចខាត។ និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-1028 បណ្តាលឲ្យរងការខូចខាតបែកកាបាំង និងបណ្តាលឲ្យនារីម្នាក់ដែលអង្គុយលេងនៅលើម៉ូតូរងរបួសចំជើងនិងបែកក្បាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុរួចក៏បានឲ្យភាគីសម្របសម្រួលដោះស្រាយគ្នា ហើយក៏មានតំណាងភាគីខាងរថយន្តបង្កបានចេញមុខមកធ្វើការដោះស្រាយ ដោយព្រមចេញសងថ្លៃជួសជុលម៉ូតូទាំង៣គ្រឿង និងថ្លៃព្យាបាលរបួសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់