ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាកំប្លែងថៃ បង្ហាញខ្លួនជាថ្មីនៅកម្ពុជា

កាលពីរសៀលថ្ងៃទី២៦ មករា តារាកំប្លែងលោក កូទី បានមកដល់ប្រទេសកម្ពុជាជាថ្មី ដោយការបង្ហាញខ្លួនលើកនេះ បានធ្វើឲ្យម្នាក់ៗ មានការចាប់អារម្មណ៍ជាងមុន ដោយសារតែបង្ហាញខ្លួនលើកនេះ មានអ្នកគាំទ្រខ្មែរមកគាំទ្រខុសពីមុន។ ការបង្ហាញខ្លួនលើកនេះ ក៏ខុសពីមុននោះដែរ ដោយសារតែលោក មកកម្ពុជាលើកនេះ គឺមកសម្ដែងខនសឺតទ្រង់ទ្រាយធំជាមួយតារាខ្មែរ នៅកោះពេជ្រ។

លោក កូទី បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលចុះមកដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលលោកឃើញវត្តមានអ្នកកាសែត និងអ្នកគាំទ្រខ្មែរ មកស្វាគមន៍ដល់ព្រលាន។ លោកថា នេះជាលើកទី៣ហើយ ដែលលោកមកដល់ប្រទេសកម្ពុជា ដោយការបង្ហាញខ្លួនកាលពីពីរលើកមុន លោកមិនបានសម្ដែងខនសឺតដូចដំណើរមកកាន់កម្ពុជាលើកនេះទេ ទើបលោកចាត់ទុកថា ឱកាសសម្ដែងលើកដំបូងនៅក្នុងប្រទេសកម្ពុជាលើកនេះ នឹងធ្វើឲ្យលោកទទួលបាននូវបទពិសោធន៍ខ្ពស់។ លោកថាខ្លួននឹងមានការសម្ដែងពិសេសលើឆាកដំបូងនៅកោះពេជ្រនៅប្រទេសកម្ពុជា ខណ:ដែលការសម្ដែងនៅយប់ថ្ងៃទី២៦ មករា នេះ នឹងទទួលជោគជ័យ ជាពិសេសក្នុងពេលលោកយល់ថា វត្តមានសម្ដែងកំប្លែងរបស់លោកនៅក្នុងភាពយន្តកន្លង ក៍មានអ្នកគាំទ្រខ្មែរស្គាល់លោកភាគច្រើន។ លោកថា ខ្លួននឹងមានគម្រោងទទួលសម្ដែងនៅក្នុងប្រទេសកម្ពុជាជាលើកទី២ ប្រសិនការសម្ដែងលើកដំបូងរបស់លោកនាយប់នេះ នៅកោះពេជ្រទទួលបានការគាំទ្រខ្លាំងក្លា។

គួរបញ្ជាក់ថា លោកកូទី គឺជាកំពូលតារាកំប្លែងល្បីល្បាញប្រចាំប្រទេសថៃ ដោយវត្តមានចេញសម្ដែងក្រៅប្រទេសរបស់លោកមិនមែនជាលើកទី១នោះទេ ខណ:ដែលការសម្ដែងរបស់លោកនៅក្នុងស្រុក និងក្រៅប្រទេសកន្លងមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ លោកក៍ជាតំណាងផលិតផលភេសជ្ជ:ប្រទាលកន្ទុយក្រពើដ៍ល្បីល្បាញមួយប្រចាំប្រទេសថៃ ដែលផលិតផលនេះ ក៏បាននាំមកកាន់ទីផ្សារកម្ពុជាផងដែរ៕

មតិយោបល់