ព័ត៌មានជាតិ

​នាយទាហាន​​ស័ក្តិ​៤​កងយោធពលខេមរភូមិន្ទ​ម្នាក់ ស្រវឹងជិះម៉ូតូពេលសមត្ថកិច្ចហៅវាស់ជាតិអាកុល ស្រាប់តែប្រើសម្ដីអសីលធម៌..!

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមាន​​នាយទាហាន​​ម្នាក់ ចេញពីហូបការ​ ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ទ្រេតទ្រោត ហើយឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្ត​​ច្បាប់ចរាចរណ៍​របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក សមត្ថកិច្ចហៅឲ្យឈប់អែបខាង​ដើម្បីត្រួតពិនិត្យ​ បែរជា​ប្រើសម្ដីអសីលធម៌ដាក់មន្ត្រី​នគរបាល​ចរាចរណ៍​ ទើបសមត្ថកិច្ចចាប់វាស់ជាតិអាកុល​ ផាកពិន័យ​តែម្ដង នៅ​មុខសណ្ឋាគារផ្កាឈូកទិព្វ​ តាមបណ្តោយផ្លូវមុន្នីរ៉េត ​សង្កាត់ផ្សារដើមគ ខណ្ឌទួលគោ​ក រាជធានីភ្នំពេញ​។

បុរសខាងលើ​មានឈ្មោះ​ ស្រ៊ាង ពិសិដ្ឋ​ មុខរបរ​ នាយទាហាន​ កងយោធពលខេមរភូមិន្ទ​ កងឯកភាព មជ្ឃមណ្ឌលបោសសំអាតមីន ក.ម.ជ ឋានន្តរសក្ដិ​ វរសេនីយ៍ត្រី​ (ស័ក្តិ​៤) អត្តលេខ 058613​​។

​ជាក់ស្ដែង​​បើ​តាម​ការ​ផ្លុំពិនិត្យ​នោះ ​សមត្ថកិច្ចរក​ឃើញ​ថា​មាន​កម្រិត​ជាតិ​អាល់កុល ​១,០៣​ មី​លី​ក្រាម /ក្នុង​១​លី​ត្រ​ខ្យល់ រួចសមត្ថកិច្ចចេញលិខិតផាកពិន័យ យោងតាមច្បាប់ចរាចរណ៍ដែលបានចែងក្នុង​មាត្រា​៧៧​ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​​។

សូមបញ្ជាក់ផងដែរថា​ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ មាត្រា៧៧​ បានចែងដូចខាងក្រោម មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)។

បច្ចុប្បន្ន បន្ទាប់មកនគរបាលចរាចរណ៍ក៏អនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញផងដែរ​ ក្រោយពីធ្វើការផាកពិន័យតាមច្បាប់រួច៕

មតិយោបល់