ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកាន់តែច្រើន រិះគន់ករណីផលិតករស៊ីញើសឈាមអ្នកសិល្បៈ

នៅក្នុងបរិបទចុងក្រោយ គ្មានអ្នកណាមិនដឹងនោះទេថា តម្លៃសម្ដែងរបស់តារាសិល្បៈនៅស្រុកខ្មែរនៅតែមានកម្រិត ហើយយកថវិកាដែលបានពីការសម្ដែង មកហ៊ឺហារឡូយឆាយមិនបាននោះទេ ប្រសិនបើតារាទាំងនោះ មិនមានមុខរបរខាងក្រៅយកមកទប់។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ទៅទៀត គឺតារាច្រើនឡើងបានចេញមុខបង្ហោះរិះគន់ ដោយអះអាងពីការស៊ីញើសស៊ីឈាមតារាខ្មែរពីក្រុមផលិតករ។

កញ្ញាចូចូ ដែលត្រូវគេស្គាល់ថា មានមុខសម្ដែងមិនតិចឆ្នាំមកហើយ ក្នុងតំណែងជាតួជេកចូច និងជាអ្នកបម្រើ បានបង្ហោះសារដដែលៗ រិះគន់ពីភាពមិនដឹង មិនឮរបស់ក្រុមផលិតករមួយចំនួន ដោយនាងបញ្ជាក់ថា ភាពយន្តបានថតបញ្ចប់យូរហើយ តែមិនបើកប្រាក់កម្រៃអោយសោះ ដោយសូម្បីតែក្នុងពេលនេះ រូបនាងឈឺផង ហើយត្រូវការលុយដើម្បីសែនព្រែនដូនតា ក្នុងអំឡុងចូលឆ្នាំចិន។ កញ្ញាបានបង្ហោះសារចុងក្រោយមុននេះថា «តារានៅស្រុកខ្មែរល្អតែមើល តែមិនល្អស៊ីទេ😡បងប្អូនណាខ្លះដូចខ្ញុំ ថតអោយ៥ផលិតកម្ម ដល់ពេលចង់បើកលុយតេមិនលើក ឆាតមិនតប ទៅផ្ទះមិនជួប😡ហើយធ្វើចឹងធ្វើអី😡 ខ្ញុំគ្រាន់តែចង់បានលុយញើសឈាមដែរអ្នកប្រើខ្ញុំតើ? ហើយមានផលិតកម្មខ្លះ បើកលុយមិនទាន់គ្រប់ផងបែរ ជាថាបើកអោយអស់ហើយ! នេះហើយមកពីទុកចិត្តគេពេក ឥទ្បូវចូលឆ្នាំចិនសុំគេបើក ស្ងាត់ឈឹង អាពេលត្រូវការ ខ្ញុំហេតុអីអ្នកស្រួលមេះហ្ហាស់?»។

នេះមិនមែនជាការបង្ហោះលើកទី១នោះទេ ហើយក៏មិនមែនជាតារាតែម្នាក់ ដែលបានរិះគន់ផលិតករដោយប្រយោលនោះដែរ ដោយសារតែក្រៅពីនាង ក៏មានតារាជាច្រើនផ្សេងទៀតក៏បានបង្ហោះ និងខ្លះចេញមុខរិះគន់បែបនេះដូចគ្នា។ កញ្ញា ភីយ៉ា បានអះអាងថា រូបនាងបើតាមតែខឹងក្នុងពេលត្រូវការលុយម្ដងៗ ហើយម្ចាស់ផលិតកម្មមួយចំនួន ដែលហៅនាងថតមិនបើកអោយ គឺនាងចង់តែបង្ហោះជាសាធារណៈប៉ុណ្ណោះ ដោយសារតែនាងយល់ថា គឺជារឿងហួសហេតុពេក ដែលថតអោយចប់ហើយ ហើយតម្លៃខ្លួនក៏ថតអោយ ក្នុងរូបភាពយោគយល់ និងមិនសូវបានខ្ពស់ទៀត ប៉ុន្តែថតចប់គឺរកអ្នកបើកលុយមិនបាន ធ្វើអោយនាងចង់ដាច់បាយម្ដងៗ។ នាងថាខ្លួនសព្វថ្ងៃចេញថត ស្ទើររកពេលទំនេរមិនឃើញ ប៉ុន្តែសម្រាប់ប្រាក់ចំណូលមិនច្រើននោះទេ គឺបានត្រឹមតែទិញសំលៀកបំពាក ដើម្បីស្លៀកថត និងចាយវាយក្នុងពេលចុះថតប៉ុណ្ណោះ ខណៈរឿងខ្លះ គឺថតបានតម្លៃខ្លួនមិនគ្រប់ចំណាយផង។

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស ក៏បានត្អូញត្អែរបែបនេះផងដែរថា ម្ចាស់ផលិតកម្មមួយចំនួនថតបានលុយថោកហើយ ពិបាកលុយទៀតជាពិសេស ក្នុងពេលដែលអ្នកស្រីត្រូវការលុយកាក់ដើម្បីសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិនជាមួយគ្រួសារ។ យ៉ាងណាមិញ អ្នកស្រីថា មិនដាច់ចិត្តបង្ហោះដូចតារាមួយចំនួននោះទេ ដោយសុខចិត្តស៊ីអត់ស៊ីឃ្លាន និងយកលុយចាស់មកចំណាយ ទម្រាំតែម្ចាស់ផលិតកម្ម ដែលអ្នកស្រីបានថតចប់នោះគិតគូរ។ អ្នកស្រីថាតារាស្រុកខ្មែរអ្នកខ្លះថា អាចសល់រាប់ម៉ឺនដុល្លារ ប៉ុន្តែការពិតអោយតែម្ចាស់ផលិតកម្ម បើកអោយមួយពេលៗ បានចាយវាយនោះ គឺវាល្អណាស់ទៅហើយ។

អ្នកស្រីថាខ្លួនតាំងពីបោះបង់មុខជំនួញមកទទួលថតភាពយន្តយ៉ាងសស្រាក់សស្រាំគឺ គឺបានតែល្អមើលប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីមិនបោះបង់ការតាំងចិត្តនោះទេ ដោយសារតែអ្នកស្រីក៏សប្បាយចិត្ត នឹងទីផ្សារឈានឡើងរបស់ខ្លួន។
កញ្ញា វ៉ាន់ លីលី ក៏ត្រូវគេឃើញបង្ហោះត្អូញត្អែរ ជុំវិញករណីផលិតករមិនបើកលុយអោយជាច្រើនខែបែបនេះផងដែរ ដោយនាងបញ្ជាក់ថា ជិតដល់ចូលឆ្នាំហើយ បណ្ដាម្ចាស់ផលិតកម្មមួយចំនួនស្ងាត់ឈឹង តើនាងមានលុយឯណាជូនម៉ែនៅស្រុក និងគ្មានលុយសប្បាយនឹងគេជាដើម។

ក្រៅពីតារាខាងលើ ក៏មានតារារាប់មិនអស់ផ្សេងទៀត ត្រូវគេឃើញឈានដល់ការបង្ហោះវាយប្រហារផលិតករករណីនេះ និងខ្លះឈានដល់ផ្ទុះជម្លោះ ជាមួយផលិតករជុំវិញរឿងនេះផងដែរ។ យ៉ាងណាមិញតារាក្មេងៗ ដែលត្រូវការទីផ្សារសម្ដែងភាគច្រើន មិនហ៊ានផុសបង្ហោះ ឬប្រតិកម្មបែបនេះនោះទេ ដោយពួកគេបានត្រឹមតែរអ៊ូថា ថតអោយផលិតកម្មនេះ បានប៉ុន្មានថ្ងៃយូរមកហើយ តែមិនឃើញហៅបើកលលុយ និងខ្លះសុខចិត្តចោលជាដើម ដើម្បីអោយមានការទំនាក់ទំនងហៅថតលើកក្រោយទៀត។ តារាថ្មីៗច្រើននាក់ត្រូវគេឃើញបង្ហាញអារម្មណ៍តុកស៊ចបណ្ដាក់គ្នា ដោយថាអ្នកដឹកនាំតួស៊ី ពីលើមួយតង់ហើយ ម្ចាស់ផលិតកម្មក្របើកប្រាក់អោយបន្តិចបន្តូចនោះទៀត។

ជុំវិញប្រតិកម្មខាងលើ ម្ចាស់ផលិតកម្មជាច្រើនបានអះអាងថា ខ្លួនផលិតភាពយន្តសព្វថ្ងៃមិនបានចំណេញនោះទេ គឺបានតែជួយលើកស្ទួយវិស័យសិល្បៈ កុំអោយដួលរលំប៉ុណ្ណោះ ខណៈដែលភាពយន្តដុំមិនសូវមានការគាំទ្រដូចភាពយន្តថៃក្នុងរោង ហើយរឿងភាគទូរទស្សន៍វិញ ក៏ត្រូវបណ្ដាទូរទស្សន៍ ជំពាក់លុយរាប់ខែរាប់ឆ្នាំ ដែលបណ្ដាលអោយផលិតមិនមានលុយបង្វិលទាន់ពេល។ ផលិតករភាគច្រើនដែលរងការរិះគន់និយាយថា ផលិតករមិនមែនមិនដឹង ពីសុខទុក្ខរបស់តារានោះទេ ប៉ុន្តែមកពីផលិតករក៏មានផលវិបាកផងដែរ ទើបស្នើអោយតារា ដែលថតចប់មិនទាន់បានលុយ មានការយោគយល់៕

មតិយោបល់