ព័ត៌មានជាតិ

ជិះម៉ូតូតាមផ្លូវជាតិលេខ៥ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៤និង០៨ នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តម៉ាកហៃលីនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2V.8275 បើកបរលើផ្លូវជាតិលេខ៥ បុកបណ្ដាលឲ្យរងរបួស នៅចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ស្ត្រីរងគ្រោះឈ្មោះ រ៉េន សុខលុម អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្រ្តីខាងលើ ជិះម៉ូតូម៉ាកហុងដាសេ១២៥ គ្មានស្លាកលេខ បើកបរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាកហៃលិនឌ័រ១គ្រឿង ធ្វើដំណើរពីកើតទៅលិច(ច្រាស់ទិសគ្នា) បុក យ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់។

ភ្លាមៗនោះអ្នកបើកបរបានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ រួចក៏ត្រូវប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ករណីគ្រោះថ្នាក់នេះ បណ្តាមកកត្តាល្បឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ក្រោយកើតហេតុរថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់