ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង ចូលបំភ្លឺតុលាការលើកទី២

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨កក្កដានេះ តារាសម្ដែងល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ត្រូវបានមន្ត្រីតុលាការបញ្ជាក់ថា បានចូលបំភ្លឺលើបណ្ដឹងសុំលែងភរិយាឈ្មោះ ភិន សុដាលីស ជាលើកទី២នៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានបងប្រុសម្នាក់ចូលទៅជាមួយដែរ។ អ្នកទាំងពីរបានចូលបំភ្លឺក្នុងកិច្ចសម្រុះសម្រួលលើកទី២នៅតុលាការ តាំងពីម៉ោងជាង៨ព្រឹក ដោយលទ្ធផលផ្លួវការនៅមិនទាន់ដឹងនៅឡើយទេ។

យោងតាមព័ត៌មានដែលបានឲ្យ Post News ដឹងមុននេះ គឺមានតែលោកប៉ែន ចំរ៉ុង និងបងប្រុសប៉ុណ្ណោះដែលបានទៅកាន់តុលាការ ដោយមិនមានវត្តមានរបស់កញ្ញា ភិន សុដាលីស ទៅជាមួយនោះឡើយ។

មន្ត្រីដដែលបញ្ជាក់ថា លោកត្រូវបានកោះហៅក្នុងគម្រោងសម្រុះសម្រួលលើកទី២ ដើម្បីបញ្ជាក់ថា ពិតជាលែងនាង ភិន សុដាលីស ដែលបានចុះអេតាស៊ីវិលជាប្ដីប្រពន្ធនឹងគ្នានោះដោយពិតប្រាកដ ឬព្រមសម្រុះសម្រួលត្រឹមនឹង។ដ្បិតតែនៅមិនទាន់ដឹងពីលទ្ធផល ប៉ុន្តែលោក ប៉ែន ចំរ៉ុង ធ្លាប់បានបញ្ជាក់ថា លោកត្រូវតែឲ្យតុលាការបន្តនិតិវិធី ដោយសារតែលោកមិនអាចរួមរស់ជាស្វាមី ភរិយាជាមួយភិន សុដាលីសទៀតបាន ក្រោមហេតុផលថា មិនអាចចុះសម្រុង។

ដោយឡែកងាកទៅកាន់នាង ភិន សុដាលីស ឯណោះវិញ គឺពោះរបស់នាងកាន់តែខ្ទាតធំជាងមុន ដោយនាងប្រកាសថា បើទោះជាកូននោះគ្មានឪពុកក៏នាងនឹងមើលថែកូនឲ្យបានល្អ ដោយមិនស្ដាយក្រោយឡើយ។

ផុសញូ នឹងធ្វើការតាមដានពីលទ្ធផលក្រោយជំនួបលើកទី២ រវាងលោក ប៉ែន ចំរ៉ុង និងមន្ត្រីតុលាការនៅព្រឹកថ្ងៃទី៨កក្កដានេះ៕

មតិយោបល់