ព័ត៌មានសិល្បៈ និងកម្សាន្ត

ផាន់ ផាត់ណា បានតំណែងស្រីរបាំ

ក្នុងពិធីក្រុងពាលីរឿង «រ៉ៃប្ដូរទ្រនំ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលបានប្រកាសក្រុងពាលីនៅព្រឹកថ្ងៃទី១៤ កុម្ភ: តារាសម្ដែងកំពុងឡើងកូដកញ្ញា ផាន់ ផាត់ណា ដែលមានទ្រេមុខស្រស់ស្អាតមិនចាញ់ ឌុច លីដា បានតំណែងតួឯកយ៉ាងកាលីប ដោយក្នុងភាពយន្តដែលនាងបានសម្ដែងនេះ គឺសម្ដែងជាតួនារីរបាំ ដែលនាងប្រកាសថា គឺជារឿងលើកទី១ដែលនាងមិនធ្លាប់បានសម្ដែង។ នាងអះអាងថា ខ្សែភាពយន្តនេះ គឺនាងនឹងជួបផលវិបាក រាប់មិនអស់ ជាពិសេសគឺការរាំរបាំ ដែលតម្រូវឲ្យនាងត្រូវតែហ្វឹកហាត់ឲ្យបានស្ទាត់មុនពេលសម្ដែងធ្វើជាអ្នករាំរបាំមួយឈុតៗ។

កញ្ញា ផាន់ ផាត់ណា និយាយថា នាងត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខាងផលិតករថៃ ទាក់ទងឲ្យសម្ដែងជាតួឯកច្រើនរឿងមកហើយ ប៉ុន្តែដោយសារតែរវល់ក្វៀងគ្នា ទើបនាងមិនសូវមានមុខសម្ដែង នៅក្នុងស្ថាប័នធំមួយនេះ ខណ:ដែលបានទទួលការសម្ដែង ក៏បានសម្ដែងក្នុងរឿង «រ៉ៃប្ដូរទ្រនំ» ដែលតម្រូវឲ្យនាងសម្ដែងជាតួនារីរបាំតែម្ដង។ នាងថាសប្បាយចិត្តណាស់ ដែលខ្លួនត្រូវគេឲ្យសម្ដែងជាតួរបាំឈ្មោះនីកា ដោយត្រូវសម្ដែងជានារីស្រស់ស្អាត ហើយចេះរបាំ និងមានការលះបង់ខ្ពស់ដើម្បីឪពុក និងប្អូនស្រី។ យ៉ាងណាមិញ នាងថានៅក្នុងរឿងនេះ នាងត្រូវផលិតករតម្រូវឲ្យសម្ដែងជានារីភ្លើតភ្លើន ដែលនាំឲ្យរូបនាងមានវិប្បដិសារីអស់មួយជីវិត ព្រោះតែធ្លាប់ដើរផ្លូវខុស មិនស្ដាប់បង្គាប់សម្ដីអ្នកមានគុណម្ដង។ នាងថានេះ ជាភាពយន្តថ្មីដែលនាងបានសម្ដែងបើកឆាកនៅប៉ុស្ដិ៍លេខ៥ សម្រាប់ឆ្នាំ២០១៩ តែក៏ជារឿងដែលនាងបារម្ភ ពីការលំបាករាប់មិនអស់ នៅពេលបានឃើញប៉ារ៉ូលនោះផងដែរ ជាពិសេសនៅពេលឈុតឆាក ដែលតម្រូវឲ្យនាងសម្ដែងជាតួអ្នករបាំ ដែលនាងថាមិនមែនជារឿងងាយសម្ដែង។

នាងត្រូវសម្ដែងជាតួឯកស្រីជាមួយតារាសម្ដែងលោក សេង មង្គល ក្នុងរឿងនេះ រូបនាងក៏ត្រូវសម្ដែងកាច់កុង ជាមួយតួប្រុសផងដែរ ដែលនាងបង្ហើបថា សម្រាប់ឈុតឆាកកាច់កុង និងស្នេហាស្អិតរមួតអីនោះ បើទោះជាតម្រូវឲ្យសម្ដែងបែបណា ក៏មិនពិបាកដូចសម្ដែង ជាអ្នករបាំដែលនាងបារម្ភ ពីការឆ្គាំឆ្គង ប្រសិនបើខុសបែបបទនោះផងដែរ។

ផាន់ ផាត់ណា បញ្ជាក់ថាក្នុងរឿង «រ៉ៃប្ដូរទ្រនំ» រូបនាងនឹងប្រឹងសម្ដែងឲ្យអស់ពិសមត្ថភាព ដោយសារតែនាង ក៏ត្រូវការឲ្យក្រុមផលិតករ ចាប់អារម្មណ៍ចំពោះការសម្ដែងរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញបានតំណែងតួឯកលើកក្រោយៗ បន្ទាប់ពីភាពយន្តនេះ ត្រូវបានបញ្ចប់។ នាងសប្បាយចិត្តនឹងតំណែងក្នុងភាពយន្តនេះ ដោយសារតែក្នុងរឿងទាំងមូលប្រមូលផ្ដុំសុទ្ធតែតារាល្បីៗ ហើយសំខាន់បំផុត ជាស្នាដៃដែលផលិត ដោយក្រុមផលិតករថៃ ដែលក្រោយពីបានធ្វើការរួមគ្នា គឺពិតជាទទូួលបានបទពិសោធន៍ច្រើន៕

មតិយោបល់