ព័ត៌មានសិល្បៈ និងកម្សាន្ត

ភរិយា លោក ស៊ុក សុភា ស្នើអោយយល់ពីជំហរខ្លួន រឿងប្រធានបទសុិចសុី

ក្រោយការបញ្ចេញយោបល់ ជុំវិញនារីម្នាក់សុិចសុី នៅលើសង្គមហ្វេសប៑ុក អ្នកនាង សារីណា ភរិយាអតីតារាសម្ដែងលោក ស៑ុក សុភា ត្រូវបានអ្នកលេងហ្វេសប៑ុកមួយចំនួនធ្វើការរិះគន់។ យ៉ាងណាមិញអ្នកនាងថា នោះជាការភាន់ច្រលំ និងស្នើអោយអ្នករិះគន់សំឡឹងមើល ខ្លឹមសារដែលខ្លួន លើកឡើងអោយគ្រប់ជ្រុងជ្រោយ ដ្បិតអ្នកនាង មិនបានសំដៅថា អោយតែអ្នកហ៑ានបង្អួតរាងកាយសុិចសុី ប្រាស់ចាកតម្លៃសីលធម៍នៅកម្ពុជា គឺអ្នកនាងគាំទ្រនោះទេ។

ដើមចមនៃការរិះគន់ ចំពោះអតីតារាសម្ដែង ក្នុងបទ”មនុស្សដំបូង” រូបនេះ គឺបន្ទាប់ពីអ្នកនាងបង្ហោះ អមដោយរូបថតសុិចសុីរបស់នារីម្នាក់ថា “យើងមិនអាចវិនិច័យគេពីខាងក្រៅបានទេ អ្នកខ្លះស្លៀកពាក់ជិតៗ មើលទៅឃើញសុភាព តែធាតុពិតពិសពុល អ្នកខ្លះគេស្លៀកពាក់ sexy តែទឹកចិត្តអាចទូលំទូលាយ បើកចិត្តទទួលយកបាននៃភាពជឿនលឿន ភាពជឿនលឿននេះ ហើយធ្វើអោយគេឆ្លាតវៃ ក្លាហ៊ាន អាចដោះស្រាយរឿងចំពោះមុខ ដោយភាពប៉ុនប្រសព្វ។ យើងល្មមជឿនលឿនខ្លះៗហើយ ដើម្បីភាពរីកចំរើនសម្រាប់សង្គមយើងខ្លះ តែសូមជឿនលឿនតែអ្វីដែលមានប្រយោជន៍”។

ក្រោយការបង្ហោះរបស់អ្នកនាង គេឃើញមានការលើកឡើងមួយចំនួនថា អ្នកនាងគាំទ្រភាពចំពោះភាពសុិចសុី ដោយខ្លះរិះគន់ថា អ្នកនាងចង់លើកទឹកចិត្តអោយមានសកម្មភាពប្រាស់ចាកពីវប្បធម៍របស់ខ្មែរ។ ភ្លាមៗក្រោយការរិះគន់ ពីបុគ្គលមួយចំនួនតូច អ្នកនាងបញ្ជាក់ថា អ្វីដែលអ្នកនាងបញ្ចេញយោបល់ មិនមែនគាំទ្រអ្នកលេចលើលេចក្រោមទាំងឡាយនោះទេ ប៉ុន្តែអ្នកនាងគ្រាន់តែ ចង់អោយមានការបញ្ឈប់ការជេរប្រមាថ ចំពោះនារីម្នាក់នោះ និងស្នើអោយធ្វើការប្រៀបធៀប ចំពោះដូនចាស់ម្នាក់ ដែលស្លៀកសារ៉ុង ស្លៀកពាក់ស្រគត់ស្រគំ តែបែរជាចិត្តអាក្រក់ចិត្តមារ ចំពោះក្មេងតូចជាចៅរបស់ខ្លួន យ៉ាងឃោឃៅរហូតដល់ក្រុមអ្នកលេងហ្វេសប៑ុកថ្កោលទោសនោះទេ។

អ្នកនាងថា បរិបទសម័យនេះ អ្នកលេងហ្វេសប៑ុកគួរតែបើកចិត្តអោយទូលាយ កុំគិតតែជេរប្រទិចផ្ដាសា និងមើលតែមួយជ្រុងងប់ងល់ខ្លាំងពេក។ នារីដែលសុិចសុី ហើយរងការជេរប្រទិច អ្នកនាងថា ដ្បិតតែមើលទៅហួសហេតុ ប៉ុន្តែនាងស្រស់ស្អាត ហើយមិនគួរដល់ថ្នាក់រងការជេរប្រទិច ធ្វើដូចនារីម្នាក់នោះ មានទោសធ្ងន់ធ្ងរនោះទេ។ អ្នកនាងបញ្ជាក់ថា អ្នកធ្វើការរិះគន់ មិនគួរគ្រាន់តែឃើញបុគ្គលម្នាក់ បញ្ចេញភាពសុិចសុី ហើយគិតតែជេរផ្កាប់មុខ ដល់ថ្នាក់ធ្វើអោយសង្គមកម្ពុជា ពោរពេញការមាក់ងាយគ្នា បែបហ្នឹងបានឡើយ។ អ្នកនាងថា ខ្លួនក៏ជានារីខ្មែរ ប្រកាន់ភ្ជាប់ទំនៀមទម្លាប់ខ្មែរនោះដែរ ប៉ុន្តែបើនារីណាស្អាត ហើយសុិចសុីទៅសម គឺអ្នកនាងគាំទ្រ ដើម្បីអោយក្រសែភ្នែកខាងក្រៅ មើលឃើញពីភាពស្រស់ស្អាតរបស់នារីនោះផង កុំគ្រាន់តែនាងថតរូបបញ្ចេញដើមទ្រូងប៉ុណ្ណឹងសោះ ព្រួតគ្នាថ្កោលទោសនាង ដូចកំហុសធ្ងន់ធ្ងរ។

អ្នកនាងថា ខ្លួនមិនទទួលយកដាច់ខាតចំពោះទង្វើសុិចសុីហួសហេតុ ហើយធ្វើអោយបាត់តម្លៃជាតិ ប៉ុន្តែអ្នកនាងក៏មិនគាំទ្រមានវប្បធម៍ប្រទិចផ្ដាសាចំពោះគ្នា និងមិនគាំទ្រចំពោះការប្រមាថដែលបានកើតឡើង គ្រាន់តែនារីម្នាក់ថតបញ្ចេញដើមទ្រូងសុិចសុីប៉ុណ្ណឹងនោះឡើយ។ អ្នកនាងលើកឧទាហរណ៍ថា ដោយសារតែខ្លាចការរិះគន់ ទើបបវរកញ្ញាកម្ពុជាមិនតិចនាក់ទេ មិនហ៑ានធ្វើខ្លួនអោយលេចធ្លោ ហើយធ្វើអោយការប្រកួតលើឆាកអន្តរជាតិ គឺមានតែបេក្ខនារីបរទេសជាអ្នកដណ្ដើមបានចំណាត់ថ្នាក់។

ការលើករបស់អ្នកនាង គឺជាការពន្យល់ដល់អ្នក Comment រិះគន់សំណេរប្រៀបធៀបរបស់អ្នកនាងមួយចំនួន ដើម្បីបញ្ចប់ការយល់ច្រលំ ដែលមានការយល់ច្រលំ និងដើម្បីអោយបើកចិត្តអោយទូលាយជាងនឹង ដើម្បីកុំអោយការសម្គាល់តែលើសំបកខាងក្រៅ ក្លាយជារឿងអគតិចំពោះបុគ្គលណាម្នាក់។ អ្នកនាងថា អ្នករិះគន់ផ្កាប់មុខមួយចំនួន គួរបង្វែររិះគន់ និងបំបាក់ទឹកចិត្តទង្វើររបស់មនុស្សអគតិ និងមនុស្សចិត្តឃោឃៅទាំងឡាយ ដើម្បីកែប្រែបុគ្គលទាំងនោះ អោយមានឆន្ទៈល្អ ជាជាងនាំគ្នាមាក់ងាយ និងមើលងាយសំបកខាងក្រៅរបស់បុគ្គលណាម្នាក់ ហើយក្លាយជាការបញ្ចេញមតិឈ្លោះទាស់គ្នាឯង៕

មតិយោបល់