ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូតសុឆន្ទៈ២រូប ក្នុងចំណោមម្ចាស់ពាននឹងបង្ហាញខ្លួនសម្ពោធសាលាក្មេងៗសហគមន៍

តាមការឲ្យដឹងពីស្ថាបនិកគ្រួសារតារាកម្ពុជា ម្ចាស់ពានជំនាន់ទី១ចំនួន២រូប ដែលជាទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា ក្នុងចំណោមម្ចាស់ពានទាំង២ជំនាន់ទាំង១២រូប នឹងបង្ហាញខ្លួនចូលរួមធ្វើជាតារាកិត្តិយស ក្នុងពិធីបើកសម្ពោធសាលាភាសាអង់គ្លេស ធី សង្គ្រោះ ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅម្ដុំផ្សារបាត់ដឹង នៅថ្ងៃទី២០ កក្កដា នេះ។ ទូតសុឆន្ទ:តំណាងក្រុមទាំង២នោះ រួមមាន លោក រុន ណាកូ ដែលទើបទទួលបានពាន ប្រជាប្រិយភាពមួយ បន្ថែមទៀតក្ដៅៗ និងលោក សុិន សុធារិទ្ធ ដែលជាម្ចាស់ពានឈុតបុរាណ កាលឆ្នាំ២០១៨។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាង ដើម្បីរួមចំណែកជួយដល់សាលារៀន សម្រាប់សហគមស្ថិតនៅទីតាំងខាងលើ ដែលត្រូវការជំនួយ និងដើម្បីឲ្យពិធីបើកសម្ពោធ មានភាពអឹកអធឹក លោកនឹងដឹកនាំសិល្បករសិល្បការិនីមួយក្រុម ចូលរួមជួយដល់កម្មវិធី លើផ្នែកពិធីករ តារាចម្រៀង ពិធីការ និងតារាបង្ហាញម៉ូដ ដោយក្នុងចំណោមសមាជិក ដែលចូលរួម ក៏មានម្ចាស់ពាន២រូប ដែលជាទូតសុឆន្ទ:ប្រចាំក្រុម ចូលរួមជាកិត្តិយសផងដែរ។ តារាៗជាសមាជិកគ្រួសារតារាកម្ពុជា ដែលប្រកាសចូលរួម ក្នុងកម្មវិធីនោះរួម លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាព ផ្នែកឈុតបុរាណឆ្នាំ២០១៩, លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨, លោក សន សុវណ្ណារ៉ា ពិធីករ, កញ្ញា រៀមច័ន្ទ បរមី តារាចម្រៀង និងជាពិធីការិនី, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក សឹម សុវណ្ណដូឡា តារាចម្រៀង, លោក កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, លោក វង សច្ច:វិជ្ជា តារាសម្ដែង និងជាពិធីករ, កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។

ពិធីនោះក៏មានវត្តមានសិល្បករចាស់ក្មេងជាច្រើនរូបផ្សេងទៀត មកពីក្រុមផ្សេងៗចូលរួមផងដែរ។ លោកថាក្នុងចំណោមសមាជិក ដែលបានស្ម័គ្រចិត្តទៅជួយ ម្ចាស់ពានដែលជាទូតសុឆន្ទ:ប្រចាំក្រុម មានតែ២រូបប៉ុណ្ណោះ អាចចូលរួមបាន ខណ:ដែលលោកប្រកាសថា ម្ចាស់ពានទាំងឆ្នាំចាស់ និងឆ្នាំថ្មី ដែលមានឈ្មោះ ជាទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា សុទ្ធតែមានសិទ្ធិចូលរួម ក្នុងកិច្ចសង្គមបែបនេះ ឲ្យស្រុះគ្នា ប៉ុន្តែមិនអាចធ្វើបាន ដោយសារតែម្ចាស់ពានផ្សេងទៀត សុទ្ធតែរវល់។

លោកថាខ្លួននឹងគៀរគរម្ចាស់ពានទាំង១២រូប ដែលជាប់តំណែងគ្រងឈុតបុរាណកាលពីឆ្នាំ២០១៨ និង ២០១៩ ឲ្យបង្ហាញខ្លួនក្នុងនាមជាទូតសុឆន្ទ:ប្រចាំក្រុម ក្នុងកម្មវិធីសប្បុរសធម៍នានាឲ្យបានច្រើន ដើម្បីឲ្យស្រទាប់មហាជន បានជួបមុខម្ចាស់ពានគ្រងឈុតបុរាណម្នាក់ៗ ដោយផ្ទាល់ និងដើម្បីឲ្យម្ចាស់ពាន ទាំងចាស់ទាំងថ្មី ដែលស្ថិតក្នុងតំណែងជាទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា បានរួមចំណែកជួយក្នុងកិច្ចការសង្គម។

លោក រុន ណាកូ ម្ចាស់ពាន២ជំនាន់ផ្នែកគ្រងឈុតបុរាណ ជានិស្សិតពេទ្យ និង លោក សុិន សុធារិទ្ធ ម្ចាស់ពានរដូវកាលទី១ ជាម្ចាស់ហាងផឹកសុីមួយ បានអះអាងថា ខ្លួនមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការប្រទ្បងពេទ្យ និងការងារបើកជំនួញ ប៉ុន្តែដោយសារតែម្ចាស់ពានផ្សេងទៀត ដែលជាទូតសុឆន្ទ:ប្រចាំក្រុមដូចខ្លួន សុទ្ធតែដកឃ្លាមិនបាន ទើបពួកលោកត្រូវតែមកតំណាងក្រុម ក្នុងនាមជាម្ចាស់ពាន និងជាទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា ចូលរួមពិធីនេះ។

គួរបញ្ជាក់ថា សាលាអង់គ្លេស ធី សង្គ្រោះ បង្កើតឡើងដើម្បីផ្ដល់ឱកាសឲ្យក្មេងៗ នៅក្នុងតំបន់ដែលសាលា គ្របដណ្ដប់បានសិក្សាភាសាអង់គ្លេស ខណ:ដែលសាលា នឹងទទួលសិស្សក្រីក្រឲ្យសិក្សា ដោយមិនបង់ថ្លៃ និងសម្រាប់កូនអ្នកមានជីវភាពមធ្យម គឺតម្រូវឲ្យបង់តិចតួចប្រចាំខែ ដើម្បីទ្រទ្រង់សាលា។ មកទល់ពេលនេះ សាលានៅតែប្រឈមនឹងខ្វះអគារ ខ្វះសម្ភារ:សិក្សា និងខ្វះប្រាក់ខែ ដើម្បីផ្គត់ផ្គង់លោកគ្រូអ្នកគ្រូបង្រៀនភាសា ដោយស្ម័គ្រចិត្តនៅឡើយទេ ទើបសាលាត្រូវការឲ្យមានការជួយជ្រោមជ្រែងលើគ្រប់វិស័យ ដើម្បីឲ្យសាលា អាចមាននិរន្តរភាពបានយូរអង្វែង ជាពិសេសលើបៀរវត្សរបស់គ្រូបង្រៀនភាសាគ្រប់កម្រិត៕

មតិយោបល់